សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៥៧ គ.ជ.ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នាព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៣។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានកែសម្រួល និងសម្រេចឯកភាពលើឯកសារទាំងនោះមានដូចខាងក្រោម៖

១. ឯកភាពលើសេចក្តីព្រាងសៀវភៅណែនាំស្តីពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

២. ឯកភាពលើឯកសាររួមមាន ៖

•សេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

•ទម្រង់បែបបទលេខ១០០៧ (ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ)

•គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ

•គំរូបណ្ណសម្គាល់ (ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អ្នកសង្កេត- ការណ៍ជាតិចល័តទូទាំងប្រទេស អ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេស)។

៣. ឯកភាពលើឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះ បោះឆ្នោត (ក.ច.ប) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដែលឯកសារទាំងនោះរួមមាន៖

•សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត ដែលជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី

•សេចក្តីជូនដំណឹងស្តីពីលក្ខខណ្ឌនៃការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះ បោះឆ្នោត

•សេចក្តីណែនាំស្តីពីនីតិវិធីនៃការប្រឡង QCM និងតេស្តកុំព្យូទ័រ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ឱ្យបម្រើការងារជាក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត

•សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការជ្រើសរើសថ្នាក់ជាតិ

•សេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការ ចំនួន ៤

•បទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រឡង

•លិខិតជម្រាបជូនប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត

•លិខិតជម្រាបជូនប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ស្តីពីការស្នើសុំតែងតាំងស្មៀនឃុំ សង្កាត់ ជាអនុប្រធានក្រុមចុះឈ្មោះបោះឆ្នោត

•ប្រតិទិននៃការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត។

៤. ឯកភាពលើខ្លឹមសារខិត្តបណ្ណសំណួរ-ចម្លើយ និងខិត្តបណ្ណ (Poster) គំរូឯកសារផ្លូវការ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

យោងតាមប្រតិទិនជាផ្លូវការសម្រេចដោយ គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣៕
 

ទាញយកកម្មវិធី(App) CamNEC News