សេចក្តីប្រកាសព័ត៌មានលេខ ១២៤ គ.ជ.ប.អគ្គ៖ ពិធីបិទវគ្គបណ្ដុះបណ្ដាលជូនគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

វគ្គបណ្ដុះបណ្ដាលជូនដល់គ្រូបង្ហាត់ និងមន្រ្តីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រយៈពេល ៥ ថ្ងៃ ស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវបានបិទបញ្ចប់នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅទីសី្ដការ គ.ជ.ប ក្រោមអធិបតីភាពឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ។

 

នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដម ទេព នីថា បានមានប្រសាសន៍ថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោតផងដែរ។

ឯកឧត្ដមមានប្រសាសន៍ទៀតថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ គឺជាឆ្នាំទីប្រាំបីហើយ ចាប់តាំងពី គ.ជ.ប រៀបចំការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយប្រើប្រាស់ប្រព័ន្ធជីវមាត្រ (Biometric System) សម្រាប់ដៅសម្គាល់ទិន្នន័យអត្តសញ្ញាណដែលមានតែមួយគត់សម្រាប់អ្នកបោះឆ្នោតម្នាក់ៗ កាលពីឆ្នាំ២០១៦។ ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ត្រូវបានរៀបចំក្រោមកិច្ចសហការគាំទ្រ និងផ្តល់ជំនួយពីប្រទេសជាមិត្ត ដែលរួមមានសហភាពអឺរ៉ុប និងប្រទេសជប៉ុន ទាំងផ្នែកសម្ភារបរិក្ខារ និងបច្ចេកទេស និងត្រូវមជ្ឈដ្ឋានជាតិ និងអន្តរជាតិ វាយតម្លៃថាមានគុណភាពខ្ពស់ និងអាចជឿទុកចិត្តបាន ហើយបញ្ជីបោះឆ្នោតនេះត្រូវបាន គ.ជ.ប រៀបចំធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំតាមការកំណត់នៃច្បាប់ ដើម្បីធានាឱ្យបាននូវភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព តាមរយៈ ៖

- ការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬទើបគ្រប់អាយុ ១៨ ឆ្នាំ ឬដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់

- ការកែតម្រូវឈ្មោះ ឬ/និងទិន្នន័យរបស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ឱ្យបានត្រឹមត្រូវតាមឯកសារផ្លូវការដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត

- ការផ្លាស់ប្តូរទិន្នន័យឯកសារចុះឈ្មោះបោះឆ្នោតពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ផ្អែកតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព

- ការផ្ទេរការិយាល័យបោះឆ្នោត ពីភូមិមួយទៅភូមិមួយទៀតក្នុងឃុំ សង្កាត់ ឬទៅឃុំ សង្កាត់ផ្សេង និង

- ការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និង ច្បាស់លាស់ សម្រាប់អ្នកដែលទទួលមរណភាព ឬត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង។

ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប ជម្រាបជូនបន្ថែមទៀតថា បញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប តែងតែត្រូវបានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ធ្វើសវនកម្មជារៀងរាល់ឆ្នាំ ហើយផ្អែកតាមលទ្ធផលនៃការសិក្សារយៈពេលពីរឆ្នាំចុងក្រោយនេះ អង្គការខុមហ្វ្រែល បានវាយតម្លៃថា បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ មានភាពពេញលេញ ៩៨,៦៧ ភាគរយ ហើយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ ដែលប្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កន្លងមក គឺអាចទទួលយកបាន។

ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាល ឯកឧត្ដម ទេព នីថា បានបញ្ជាក់ជូនថា គ.ជ.ប តែងតែយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួន ដែលជាប្រតិបត្តិករអនុវត្តផ្ទាល់ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមក៏បានណែនាំដល់គ្រូបង្ហាត់ គ.ជ.ប ទាំងអស់ត្រូវត្រៀមរៀបចំសម្ភារឧបទេស និងត្រៀមលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្តនៅថ្នាក់ គ.ជ.ប ជូនលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត តំណាងភាគីពាក់ព័ន្ធ តាមផែនការ និងប្រតិទិនដែលបានកំណត់ ហើយអង្គភាពជំនាញត្រូវយកចិត្តទុកដាក់ណែនាំដល់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត អំពីការងារបណ្តុះបណ្តាលបន្តនៅថ្នាក់រាជធានី ខេត្ត និងការងារផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមគោលការណ៍ណែនាំរបស់ គ.ជ.ប ។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប ស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំឡើងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមសរុបចំនួន ៦០ នាក់៕

ទាញយកកម្មវិធី(App) CamNEC News