សេចក្តីប្រកាសព័ត៌មានលេ​ខ ១១០​ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃចុងក្រោយ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១២ ក្នុងចំណោមគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត ទាំង ១៨ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៤ បានហែក្បួនឃោសនារកសំឡេងឆ្នោត។

ទី១: គណបក្សប្រជាជនកម្ពុជា ហែក្បួនឃោសនានៅតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្ត ចំនួន ២៤ មណ្ឌល តែពុំមានហែក្បួននៅមណ្ឌលខេត្តព្រះសីហនុទេ។ ទី២: គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ មណ្ឌលខេត្តកំពង់ចាម និងមណ្ឌលខេត្តកំពង់ស្ពឺ។ ទី៣: គណបក្សយុវជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង និងទី៤: គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ និងមណ្ឌលខេត្តកំពង់ចាម។

ចំណែកគណបក្សនយោបាយ ចំនួន ៨ ទៀត រួមមាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សធម្មាធិបតេយ្យ គណបក្សខ្មែរតែមួយ គណបក្សឯកភាពជាតិខ្មែរ គណបក្សសញ្ជាតិកម្ពុជា គណបក្សស្រ្តីដើម្បីស្រ្តី គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅតាមទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃចុងក្រោយ គិតត្រឹមម៉ោង ៦:០០ ល្ងាចនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
អនុលោមតាមមាត្រា ៧២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សកម្មភាពឃោសនាបោះឆ្នោតត្រូវចប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:០០យប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

ទាញយកកម្មវិធី(App) CamNEC News