សេចក្តីប្រកាសព័ត៌មានលេខ ១០៨ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីដប់ប្រាំបួន នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

នៅថ្ងៃទីដប់ប្រាំបួននៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១៣ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៦ បានហែក្បួនឃោសនារកសំឡេងឆ្នោត។ 

ទី១: គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង។ ទី២:  គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ មណ្ឌលខេត្តកំពង់ចាម និងមណ្ឌលខេត្តតាកែវ។ ទី៣: គណបក្សឯកភាពជាតិខ្មែរ ហែក្បួនឃោសនានៅមណ្ឌលខេត្តតាកែវ។ ទី៤: គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ស្ពឺ និងមណ្ឌលខេត្តកំពង់ធំ។ទី៥: គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ និងទី៦: គណបក្សខ្មែរអភិរក្ស ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។

ចំណែកគណបក្សនយោបាយ ចំនួន ៧ ទៀត រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សប្រជាជនកម្ពុជា គណបក្សធម្មាធិបតេយ្យ គណបក្សខ្មែរតែមួយ គណបក្សស្រ្តីដើម្បីស្រ្តី គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅតាមទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីដប់ប្រាំបួននេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕ 

 

ទាញយកកម្មវិធី(App) CamNEC News