សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៤៧ គ.ជ.ប ស្តីពីជំនួបពិភាក្សាការងាររវាងប្រធាន គ.ជ.ប ជាមួយប្រតិភូអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី

នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅទីស្តីការគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួប ឯកឧត្តម ដេស៊ីរ៉េ នីយ៉ារូហ៊ីរីរ៉ា (Désiré NYARUHIRIRA) ទីប្រឹក្សាពិសេសទទួលបន្ទុកផ្នែកកិច្ចការនយោបាយ និងការទូតរបស់អគ្គលេខាធិការអង្គការអន្តរជាតិនិយាយភាសាបារាំង (Organisation internationale de la Francophonie “OIF”) ដែលដឹកនាំគណៈប្រតិភូមកសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារបោះឆ្នោត។  

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានមតិស្វាគមន៍ចំពោះគណៈប្រតិភូដែលបានអញ្ជើញមកដល់ទីស្តីការ គ.ជ.ប និងដើម្បីពិភាក្សាការងារបោះឆ្នោត។

ឯកឧត្តម ដេស៊ីរ៉េ នីយ៉ារូហ៊ីរីរ៉ា បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធាន គ.ជ.ប ដែលបានចំណាយពេលទទួលជួបគណៈប្រតិភូ OIF ក្នុងខណៈពេលដែល គ.ជ.ប មានការមមាញឹករៀបចំការបោះឆ្នោត។ គណៈប្រតិភូបានមានប្រសាសន៍បន្តទៀតថា ប្រទេសកម្ពុជា ជាសមាជិកអង្គការ OIF ដ៏សំខាន់មួយដែរ ហើយថាវត្តមានរបស់គណៈប្រតិភូ OIF នៅពេលនេះ ដើម្បីបញ្ជាក់ពីការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា ជាមួយ OIF ឱ្យកាន់តែរឹងមាំ។ បេសកកម្មរបស់ប្រតិភូ OIF នាពេលនេះ គឺមានបំណងជួបជាមួយស្ថាប័នរៀបចំការបោះឆ្នោត គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន។ នៅពេលបញ្ចប់បេសកកម្ម គណៈប្រតិភូ OIF នឹងចេញជារបាយការណ៍មួយពាក់ព័ន្ធនឹងការបោះឆ្នោត មានទាំងការផ្តល់អនុសាសន៍ និងបង្ហាញពីចំណុចខ្វះខាតដើម្បីឱ្យភាគីកម្ពុជាបំពេញបន្ថែម។ នាពេលនេះ គណៈប្រតិភូ OIF ចង់ដឹងពីដំណើរការនៃការរៀបចំការបោះឆ្នោត។ 

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនគណៈប្រតិភូ OIF អំពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាថា នៅឆ្នាំ១៩៩៣ គឺជាការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញ ដែលរៀបចំ ដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា “UNTAC”។ បន្ទាប់មកបានអនុម័តរដ្ឋធម្មនុញ្ញមួយសម្រាប់អនុវត្តនៅប្រទេសកម្ពុជា ហើយសភាធម្មនុញ្ញបាន ក្លាយទៅជាសភាជាតិ រួចក៏បានបង្កើតរដ្ឋាភិបាលស្របច្បាប់ និងបង្កើតច្បាប់ជាច្រើនជាបន្តបន្ទាប់ ដើម្បីដំណើរការនិងគ្រប់គ្រងប្រទេសកម្ពុជា។ ស្ថាប័ន គ.ជ.ប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ដើម្បីរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ១៩៩៨ ដែលកម្ពុជារៀបចំការបោះឆ្នោត ដោយខ្លួនឯង និងរៀបចំការបោះឆ្នោតជាបន្តបន្ទាប់មកទៀតរហូតមកដល់បច្ចុប្បន្ន។ គ.ជ.ប បាន រៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀងទាត់ ទាំងសកល ទាំងអសកល ចំនួន ១៦លើក ដែល ការបោះឆ្នោតសកលមាន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ហើយការបោះឆ្នោតអសកលមាន ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនបន្តទៀតថា នៅឆ្នាំ២០១៥ ការរៀបចំ ការបោះឆ្នោតត្រូវបានរៀបចំកែទម្រង់យ៉ាងស៊ីជម្រៅ ស្ថាប័នរៀបចំការបោះឆ្នោតត្រូវបានចែងនៅ ក្នុងរដ្ឋធម្មនុញ្ញ មានច្បាប់ស្តីពីរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត វិសោធកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ល។ គ.ជ.ប បានរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ផែនការមេ និងប្រតិទិននៃការបោះឆ្នោត ដើម្បីឱ្យគ្រប់ភាគីទាំងអស់អនុវត្ត។ 

ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាប ជូនថា ពីមុនការចុះឈ្មោះបោះឆ្នោតគឺធ្វើឡើងដោយដៃ បច្ចុប្បន្ន គ.ជ.ប ធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតដោយប្រើប្រព័ន្ធកុំព្យូទ័រ ហើយកម្មវិធីជាច្រើនទៀតត្រូវបានធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ ដូចជាការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន និងការគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត។ល។

ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឯកឧត្តម ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនថា ការបោះឆ្នោតត្រូវធ្វើតាមប្រព័ន្ធសមាមាត្រ ដោយយករាជធានី ខេត្ត ជាមណ្ឌលបោះឆ្នោត។ អាសនៈក្នុងរដ្ឋសភា មានចំនួន ១២៥ រីឯមណ្ឌលបោះឆ្នោត មានចំនួន ២៥ នៅតាមរាជធានី ខេត្ត។ ឯកឧត្តមបានពន្យល់អំពីដំណាក់កាលនីមួយៗនៃដំណើរការរៀបចំការបោះឆ្នោតរួមមាន ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ  ការឃោសនាបោះឆ្នោត និងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូនដល់គណៈប្រតិភូ OIF អំពីនីតិវិធីនៃការដាក់ពាក្យបណ្តឹង និងការដោះស្រាយពាក្យបណ្តឹង ការបណ្ដុះបណ្តាលដល់គ្រប់ភាគីពាក់ព័ន្ធ គ្រប់ដំណាក់កាលទាំងអស់ និងការផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោតយ៉ាងទូលំទូលាយ។ ឯកឧត្តមបន្តថា ចំនួនមន្រ្តីបោះឆ្នោត គ.ជ.ប បានធ្វើការជ្រើសរើសបំពេញបន្ថែមទៅតាមដំណាក់កាលនីមួយៗ ដើម្បីបម្រើការងារជាមន្រ្តីជាប់កិច្ចសន្យា។ ម្យ៉ាងទៀតការងារសន្តិសុខបោះឆ្នោត គ.ជ.ប បានសហការជាមួយស្ថាប័នរាជរដ្ឋាភិបាល រួមមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ចេញសេចក្តីណែនាំរួម ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការនៃការរៀបចំការបោះឆ្នោត។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឆ្លើយតបសំណួររបស់គណៈប្រតិភូ និងបានបន្តទៀតថា មកទល់ពេលនេះ គ.ជ.ប បាន ត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទាំងសម្ភារ ទាំងកម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យការបោះឆ្នោតសម្រេចបានជោគជ័យ។

ជាថ្មីម្តងទៀតគណៈប្រតិភូ OIF ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធាន គ.ជ.ប ដែល បានរៀបរាប់យ៉ាងក្បោះក្បាយនូវព័ត៌មានសំខាន់ៗជូនគណៈប្រតិភូ ទន្ទឹមនឹងនេះគណៈប្រតិភូ OIF អាចជួយធ្វើការបណ្តុះបណ្តាលដល់មន្រ្តីរៀបចំការបោះឆ្នោត ប្រសិនបើមានសំណើ។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូ OIF ហើយបន្តថា គ.ជ.ប នៅ មានកិច្ចសហការគ្នាជាបន្តទៀត ពីព្រោះថា គ.ជ.ប បានក្លាយជាសមាជិកបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF)៕

 

ទាញយកកម្មវិធី(App) CamNEC News