សេចក្តីប្រកាសព័ត៌មានលេខ ១០៥ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីដប់ប្រាំពីរ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

នៅថ្ងៃទីដប់ប្រាំពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៥ ​បានហែក្បួនឃោសនារកសំឡេងឆ្នោត។

 

ទី១: គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ហែក្បួនឃោសនានៅមណ្ឌលខេត្តស្វាយរៀង។ ទី២: គណបក្សយុវជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ។ ទី៣: គណបក្សស្រ្តីដើម្បីស្រ្តី ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ ទី៤: គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ និងទី៥: គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ និងមណ្ឌលខេត្តព្រះវិហារ។

 

ចំណែកគណបក្សនយោបាយ ចំនួន ៧ ទៀត រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន  គណបក្សធម្មាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរតែមួយ គណបក្សខ្មែររួបរួមជាតិ គណបក្សបំណងពលរដ្ឋ និងគណបក្សប្រជាជនកម្ពុជា បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅតាមទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។

 

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីដប់ប្រាំពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

ទាញយកកម្មវិធី(App) CamNEC News