សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៤៥ គ.ជ.ប ស្តីពី ស្ថានភាពទូទៅនៃការឃោសនាបោះឆ្នោត រយៈពេល ១០ ថ្ងៃ

Download

នាព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្រោម អធិបតីភាព ឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅនៃដំណើរការនៃការឃោសនាបោះឆ្នោត បណ្តឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត និងការការពារសន្តិសុខនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត នៅក្នុងដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

ឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានជម្រាបជូនអំពីសកម្មភាពឃោសនារបស់ គណបក្សនយោបាយថា ក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ គណបក្សនយោបាយនីមួយៗបានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយផ្សេងៗ និងតាមលទ្ធភាពរៀងៗខ្លួន ដែលសកម្មភាព ទាំងនោះមាន ការជួបប្រជុំជាមួយអ្នកគាំទ្រ និងសកម្មជននៅតាមទីសាធារណៈ និងតាមទីស្នាក់ការ គណបក្សនយោបាយ ការចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ការប្រគំតន្រ្តី ការបញ្ចាំងស្លាយ វីដេអូតាមទីសាធារណៈ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ និងតាមផ្សារ ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្សនយោបាយ និងចាក់ចល័តតាមភូមិជាដើម។ លើសពីនេះក៏មានការផ្សព្វផ្សាយនូវសកម្មភាពឃោសនាបោះឆ្នោត និងសារនយោបាយរបស់គណបក្សនយោបាយនៅលើបណ្តាញព័ត៌មានសង្គម ហ្វេសប៊ុក (FACEBOOK) ជារៀងរាល់ថ្ងៃផងដែរ។

ឯកឧត្ដម ហ៊ែល សារ៉ាត់  បានជម្រាបជូនបន្តទៀតថា ក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង ១៨ មានគណបក្សចំនួន ១៥ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោតនានាដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះ។ គ្រប់គណបក្សនយោបាយបានជូនដំណឹងទៅគណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) អំពីពេលវេលា និងទីតាំងដែលពួកគេត្រូវធ្វើសកម្មភាពឃោសនា។ អាជ្ញាធរមូលដ្ឋាន បានខិតខំជួយសម្របសម្រួលដល់ការធ្វើសកម្មភាពឃោសនាបោះឆ្នោត ការការពារទីតាំងឃោសនាបោះឆ្នោត រក្សាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបានជួយសម្រួលចរាចរណ៍តាមដងផ្លូវនៅពេលមានការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ។  

    ឯកឧត្ដម ហ៊ែល សារ៉ាត់ បានជម្រាបជូនបន្ថែមទៀតថា ក្នុងអំឡុងពេលនៃការឃោសនារកសំឡេងឆ្នោតនេះផងដែរ គណបក្សនយោបាយទាំង ១៨ មានឱកាសផ្សព្វផ្សាយដោយស្មើភាពគ្នា នូវគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនទៅកាន់អ្នកបោះឆ្នោតតាមរយៈកម្មវិធីផ្សព្វ- ផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ដែលរៀបចំដោយ គ.ជ.ប។ ការផ្សព្វផ្សាយនេះធ្វើឡើងតាមវិទ្យុ និងទូរទស្សន៍របស់រដ្ឋ។

ឯកឧត្ដម ហ៊ែល សារ៉ាត់ បានវាយតម្លៃថា ដំណើរការនៃការឃោសនាបោះឆ្នោតមកទល់ ថ្ងៃទី១១ នេះ បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការ ពីបណ្តាភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងមណ្ឌលបោះឆ្នោតនីមួយៗ។   

ពាក់ព័ន្ធនឹងបណ្តឹង ឯកឧត្ដម ហ៊ែល សារ៉ាត់ បានជម្រាបជូនថា បណ្តឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បានទទួលពាក្យបណ្តឹងសរុបចំនួន ២ បណ្តឹង គឺ ពាក្យបណ្តឹងនៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំទួលពង្រ នៃខេត្តបន្ទាយមានជ័យ។ ករណីនេះ គណៈកម្មការរៀបចំការបោះឆ្នោតឃុំទួលពង្រ បានបើកកិច្ចប្រជុំផ្សះផ្សា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ដោយគូភាគីមិនព្រមសះជាឡើយ។  ក្រោយពីថ្ងៃផ្សះផ្សា មិនសះជា ភាគីទំនាស់មិនបានដាក់ពាក្យបណ្តឹងបន្តទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បន្ទាយមានជ័យឡើយ ហើយបើគិតមកដល់ពេលនេះ គឺហួសអាជ្ញាយុកាលនៃការប្តឹងទៅហើយ។ ពាក្យបណ្តឹងមួយទៀត កើតឡើងនៅគណៈកម្មការរៀបចំការបោះឆ្នោត សង្កាត់ភ្នំពេញថ្មី នៃរាជធានី ភ្នំពេញ។ ករណីនេះ គណៈកម្មការរៀបចំការបោះឆ្នោត សង្កាត់ភ្នំពេញថ្មី បានធ្វើលិខិតជូនដំណឹង តាមលិខិតរដ្ឋបាលទៅភាគីដើមបណ្តឹងរួចហើយ។

អំពីការការពារសន្តិសុខនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតឯកឧត្ដម ហ៊ែល សារ៉ាត់ បានជម្រាបជូនថា គ្រប់ការិយាល័យបោះឆ្នោត និងគ្រប់ការិយាល័យរាប់សន្លឹកឆ្នោត គឺជាទីតាំងរដ្ឋបាល និងសន្តិសុខ ដែលត្រូវមានបរិវេណខាងក្នុង និងបរិវេណខាងក្រៅ។ បរិវេណខាងក្នុង គឺជាតំបន់ដែលនៅជុំវិញការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹក ឆ្នោត ហើយខណ្ឌដោយវ័ណ្ឌមណ្ឌលមួយមានកាំប្រវែងយ៉ាងតិច ១៥ (ដប់ប្រាំ) ម៉ែត្រ។ បរិវេណខាងក្នុងត្រូវរៀបចំឱ្យមានច្រកចូលមួយ និងច្រកចេញមួយ។ បរិវេណខាងក្រៅគឺជាតំបន់ដែលនៅជុំវិញការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ដែលខណ្ឌដោយវ័ណ្ឌមណ្ឌលមានកាំប្រវែង ១០០ (មួយរយ) ម៉ែត្រ ឬតូចជាងអាស្រ័យដោយស្ថានភាពទីតាំងជាក់ស្ដែង ឬមានទម្រង់ផ្សេងពីនេះ ដូចជាបរិវេណរបងនៃសាលារៀន វត្តអារាម សាលមហោស្រព ឬទីសាធារណៈជាដើម។ នៅតំបន់ទីប្រជុំជន បរិវេណខាងក្រៅត្រូវកំណត់ដោយ គ.ជ.ប ដោយយោងលើការវាយតម្លៃអំពីស្ថានភាពសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងតំបន់នោះ។ ក្នុងករណីការិយាល័យបោះឆ្នោត និងការិ-យាល័យរាប់សន្លឹកឆ្នោតមួយ តាំងនៅប្រមាណ ១០០ (មួយរយ) ម៉ែត្រ ពីការិយាល័យបោះឆ្នោតពាក់ព័ន្ធមួយផ្សេងទៀត មួយផ្នែកនៃផ្លូវនេះត្រូវតែបិទចរាចរណ៍។

ឯកឧត្ដម ហ៊ែល សារ៉ាត់ បានមានប្រសាសន៍បន្តទៀតថា ដើម្បីការពារអ្នកនៅខាងក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ព្រមទាំងអ្នកនៅក្នុងបរិវេណខាងក្នុងនៃការិយាល័យទាំងនោះឱ្យជៀសផុតពីការបង្កឱ្យមានរបួសស្នាម ការរំខាន អុកឡុក ការបំភិតបំភ័យ ឬការគំរាមកំហែង និងដើម្បីរក្សាការពារឧបករណ៍ សម្ភារ ឯកសារបោះឆ្នោតទាំងអស់ក្នុងការិយាល័យទាំងនោះ គ.ជ.ប គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ជាពិសេស គ.ក.ប/គ.ក.រ ត្រូវចាត់វិធានការចាំបាច់នានា ដូចបានចែងក្នុងបទបញ្ជា និងនីតិវិធី។

ក្នុងនាម គ.ជ.ប ឯកឧត្ដម ហ៊ែល សារ៉ាត់  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាភាគីពាក់ព័ន្ធទាំងអស់មាន គណបក្សនយោបាយ ដែលបានចូលរួមសហការផ្តល់ព័ត៌មាន និងគោរពតាមការរៀបចំ ចាត់ចែង និងសម្របសម្រួលពីអាជ្ញាធរ និង គធ.ខប ហើយគោរពបាននូវក្រមសីលធម៌ក្នុងការឃោសនាបោះឆ្នោត។  អាជ្ញាធររាជធានី ខេត្ត បានផ្តល់កិច្ចសហការ ជួយ សម្របសម្រួល រក្សាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធា្នប់ដោយពុំមានការរើសអើង។ គ.ជ.ប សូមលើកទឹកចិត្តបន្តទៀតដល់មន្ត្រីរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ ព្រមទាំងសេចក្តីណែនាំនានាបានយ៉ាងខ្ជាប់ខ្ជួន។  

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតនេះ មានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ មន្ត្រីស្ថានទូតជប៉ុន ស្ថានទូតរុស្ស៊ី គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រុមប្រឹក្សាសកម្មភាពជនពិការ និងអ្នកសារព័ត៌មាន ចំនួនប្រមាណ៦០ នាក់៕

ទាញយកកម្មវិធី(App) CamNEC News