សេចក្តីប្រកាសព័ត៌មានលេខ ០០៥ គ.ជ.ប៖ អ្នកណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់

ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់នេះ ក្រុមប្រតិកម្មព័ត៌មាន  គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្ដាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្ស ភ្លើងទៀន។ អ្នកណែនាំបែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។

មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖

- ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។

- ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។

- ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។

ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរបស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត។

ផ្ទុយទៅវិញ គ.ជ.ប សូមអំពាវនាវ សូមប្រជាពលរដ្ឋ កុំចាញ់បោកទង្វើទុច្ចរិតរបស់ជនអគតិមួយចំនួន ដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិបងប្អូន និងនាំបងប្អូនឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់។

     គ.ជ.ប សូមអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ទាំងអស់ មេត្តាត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(អ.ខ) ដែលមានសុពលភាព ឬឯកសារ
បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត(ឯ.អ) ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោត គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា។

    គ.ជ.ប សូមលើកទឹកចិត្តម្ចាស់ឆ្នោត សូមគូសសញ្ញាធិក (√) គាំទ្រគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្ត ហើយការចូលរួមគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដូចដែលប្រជាពលរដ្ឋកម្ពុជា ធ្លាប់មានបទពិសោធន៍បោះឆ្នោតជាច្រើនលើក ច្រើនសារួចមកហើយ គឺជាការបញ្ជាក់ឡើងវិញ ដូចមានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា “យើង ប្រជារាស្រ្តខ្មែរ បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា “កោះសន្តិភាព” ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវចំពោះវាសនាអនាគតជាតិ ឱ្យបានឈានឡើងរីកចំរើន លូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍ ”។

ទាញយកកម្មវិធី(App) CamNEC News