សេចក្តីប្រកាសព័ត៌មានលេខ ០៩៦ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីប្រាំបី នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីប្រាំបីនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយ ចំនួន ១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៧ បានហែក្បួនឃោសនា។

នៅថ្ងៃទីប្រាំបីនេះ គណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលបោះឆ្នោតចំនួន ៦ គឺនៅមណ្ឌលខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន កំពង់ធំ និងមណ្ឌលខេត្តកំពង់ចាម។ គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តសៀមរាប មណ្ឌលខេត្តបន្ទាយមានជ័យ និងមណ្ឌលខេត្តកណ្ដាល។ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែរតែមួយ ហែក្បួនឃោសនានៅមណ្ឌលខេត្តកណ្ដាល។ គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ចាម។ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង។ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ស្ពឺ។

    ក្រៅពីគណបក្សនយោបាយទាំង ៧ ខាងលើ គណបក្សនយោបាយ ចំនួន ៥ ផ្សេងទៀត រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឯកភាពជាតិខ្មែរ គណបក្សស្រ្តីដើម្បីស្រ្តី គណបក្សធម្មាធិបតេយ្យ និងគណបក្សកសិករ បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំ ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំបីនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

ទាញយកកម្មវិធី(App) CamNEC News