សេចក្តីប្រកាសព័ត៌មានលេខ ០៨៩ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីបួន នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីបួន នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបណ្ដាគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត តាមលទ្ធភាព និងមធ្យោបាយរបស់ខ្លួន។

ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) នៅថ្ងៃទីបួននេះ មា​នគណបក្សនយោបាយ ចំនួន ៣ បានធ្វើសកម្មភាពហែក្បួនឃោសនា។ ក្នុងនោះ គណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង គណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តពោធិ៍សាត់ និងគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តកណ្ដាល។

រីឯការឃោសនាបោះឆ្នោតតាមរូបភាពផ្សេងៗទៀតដូចជា ការជួបប្រជុំ ការចាក់មេក្រូផ្សព្វផ្សាយ នៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ការប្រគំតន្ត្រី ការចាក់បញ្ចាំងស្លាយ ​(Slide) វីដេអូ​ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណ និងបដានៅទីសាធារណៈ គឺមានសកម្មភាពជាហូរហែ។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីបួននេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

ទាញយកកម្មវិធី(App) CamNEC News