សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ​.ប លេខ ០៣៩ គ.ជ​.ប ស្តីពីភាគីពាក់ព័ន្ធនឹងការបោះឆ្នោតបានចូលរួមពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោត

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០  ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចុះទៅពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោត នៅរោងពុម្ព ណាវីន ព្រីនធីង ស្ថិតនៅផ្ទះលេខ ៩ ផ្លូវលេខ ៣៤៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មានប្រសាសន៍នៅខាងមុខរោងពុម្ព ឯកឧត្តម ប្រាជ្ញ ចន្ទ បានជម្រាបជូនភាគីពាក់ព័ន្ធថា គ.ជ.ប កំពុងធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលថ្ងៃបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សិ្ថតក្នុងដំណើរការនេះ គ.ជ.ប បានបំពេញការងារជាបន្តបន្ទាប់តាមផែនការមេ និងប្រតិទិនការងាររបស់ខ្លួន។

ទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ឯកឧត្តម ប្រាជ្ញ ចន្ទ រំលឹកជូនថា ការងារនេះបានបញ្ចប់ហើយ ដោយមានគណបក្សនយោបាយចំនួន ១៨ ត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងការចូលរួមការបោះឆ្នោត ហើយ គ.ជ.ប ក៏បានរៀបចំចាត់ចែងតាមនីតិវិធីដើម្បីចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើ សន្លឹកឆ្នោតរួចរាល់ហើយដែរ ហើយឥឡូវចូលដល់ការបោះពុម្ពសន្លឹកឆ្នោត។ ក្នុងដំណើរការបោះពុម្ពសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតសកលនាពេលបច្ចុប្បន្ន និងពេលបោះឆ្នោតកន្លងមក គ.ជ.ប តែងតែអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ដើម្បីចូលរួមពិនិត្យមើលសង្វាក់ផលិតកម្មនៃការបោះពុម្ពសន្លឹកឆ្នោត ដែលរួមមានគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន។ 

បន្ទាប់ពីមានប្រសាសន៍ចប់ ឯកឧត្តម ប្រាជ្ញ ចន្ទ បានអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ដែលមានវត្តមាននៅរោងពុម្ព ចូលរួមពិនិត្យមើលដំណើរការបោះពុម្ព។

ក្រោយពេលពិនិត្យដំណើការបោះពុម្ពរួច ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានធ្វើសន្និសីទសារព័ត៌មាន ដោយបានគូសបញ្ជាក់ថា សញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយ ជាអក្សរពេញ អក្សរកាត់ ដែលត្រូវបោះពុម្ពលើសន្លឹកឆ្នោតនេះ គឺសាមីគណបក្សនយោបាយនីមួយៗបានឯកភាពជាមួយ គ.ជ.ប។ 

ឯកឧត្ដម ហង្ស ពុទ្ធា បានជម្រាបជូនទៀតថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ  គឺមានចំនួន ៩.៧១០.៦៥៥ នាក់ ការិយាល័យបោះឆ្នោតមានចំនួន ២៣.៧៨៩ ការិយាល័យ ហើយសន្លឹកឆ្នោតត្រូវបោះពុម្ពមានចំនួនជាង ១៣ លានសន្លឹក ដោយចំនួនជាង ១១ លានសន្លឹកសម្រាប់ប្រើប្រាស់នៅតាមការិយាល័យបោះឆ្នោត និងចំនួនជាង ១ លានសន្លឹកទៀតសម្រាប់បម្រុងនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥។ ឯកឧត្ដមបានឱ្យដឹងដែរថា មកទល់ពេលនេះ ការបោះពុម្ពសន្លឹកឆ្នោត សម្រេចបាន ១១ រាជធានី ខេត្ត ដោយតាមផែនការ ការបោះពុម្ពសន្លឹកឆ្នោតនឹងត្រូវចប់រួចរាល់ត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដែលចូលរួមក្នុងពិធីនោះ រួមមាន តំណាងគណបក្សនយោបាយចំនួន ១១ គណបក្ស គឺគណបក្សប្រជាជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សធម្មាធិបតេយ្យ គណបក្សខ្មែរអភិរក្ស គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សស្រ្តីដើម្បីស្រ្តី គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែរឈប់ក្រ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១២ និងអ្នកសារព័ត៌មានចំនួន ១២ អង្គភាព ប្រមាណជាង ៥០ នាក់៕

ទាញយកកម្មវិធី(App) CamNEC News