សេចក្តីប្រកាសព័ត៌មានលេខ ០៧១ គ.ជ.ប.អគ្គ៖ គ.ជ.ប ជួបប្រជុំជាមួយគណបក្សនយោបាយ ដើម្បីរៀបចំកម្មវិធីផ្សព្វផ្សាយ គោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ធ្វើការផ្សព្វផ្សាយក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្ដីការ គ.ជ.ប ក្រោមអធិបតីភាពឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ហៅកាត់ថា “គណៈកម្មការសម្របសម្រួល” និងមានការអញ្ជើញចូលរួមពីតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត និងសមាជិកគណៈកម្មការសម្របសម្រួល។

ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានមានប្រសាសន៍ថា គណៈកម្មការសម្របសម្រួល រៀបចំកិច្ចប្រជុំនេះ ដើម្បីជម្រាបជូនគណបក្សនយោបាយអំពីគោលការណ៍ ប្រធានបទ និងកិច្ចការបច្ចេកទេសមួយចំនួន ដើម្បីត្រៀមរៀបចំការផលិតកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ (កម្មវិធីតុមូល) និងស្ប៉តឃោសនារបស់គណបក្សនយោបាយ ដែលត្រូវចាក់ផ្សាយនៅវិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា រួមនឹងការរៀបចំអត្ថបទឃោសនារបស់គណបក្សនយោបាយនៅលើព្រឹត្តិបត្រគោលនយោបាយ ដែលចេញផ្សាយដោយ គ.ជ.ប ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្ដម ម៉ុក ដារ៉ា បានបញ្ជាក់ថា សម្រាប់ការផ្សព្វផ្សាយខាងលើនេះ គណបក្សនយោបាយទាំងអស់ទទួលបានឱកាសដោយស្មើភាព តម្លាភាព និងឥតគិតថ្លៃ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមប្រធានដឹកនាំកិច្ចប្រជុំ និងមន្រ្តីជំនាញ គ.ជ.ប បានធ្វើការបកស្រាយ ពន្យល់ និងឆ្លើយតបនឹងសំណួររបស់តំណាងគណបក្សនយោបាយ និងបានឱ្យតំណាងគណបក្សនយោបាយធ្វើការចាប់ឆ្នោត ដើម្បីឱ្យការផលិត ការថត និងការផ្សព្វផ្សាយកម្មវិធីផ្សព្វផ្សាយគោលនយោបាយ ស្ប៉តគណបក្សនយោបាយ និងព្រឹត្តិបត្រគោលនយោបាយ ប្រព្រឹត្តទៅដោយរលូន ស្របតាមនីតិវិធី និងមានតម្លាភាព៕

ទាញយកកម្មវិធី(App) CamNEC News