សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ​.ប លេខ ០៣៤ គ.ជ​.ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារពាក់ព័ន្ធនឹងការអញ្ជើញអ្នកសង្កេតការណ៍អន្តរជាតិ ភ្ញៀវពិសេស របាយការណ៍ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ផែនការ និងចំណាត់ការសម្រាប់ពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

១. កែសម្រួល និងឯកភាពជាគោលការណ៍លើឯកសារពាក់ព័ន្ធការអញ្ជើញអ្នកសង្កេត- ការណ៍ ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ តាមការសម្រេចលើឯកសារខាងលើ គ.ជ.ប នឹងអញ្ជើញប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសមួយចំនួនទៀតដែលមានកិច្ចសហប្រតិបត្តិការជាមួយ ព្រះរាជាណាចក្រកម្ពុជា សមាគមនៃស្ថាប័នបោះឆ្នោតពិភពលោក (A-WEB) និង បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF) ក្នុងឋានៈជាអ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេស។

២. កែសម្រួល និងឯកភាពជាគោលការណ៍លើរបាយការណ៍ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

៣. ឯកភាពផែនការ និងចំណាត់ការសម្រាប់ពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត  សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

តាមផែនការ និងចំណាត់ការខាងលើ អង្គប្រជុំ គ.ជ.ប បានសម្រេចយកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត។  កម្មវិធីនេះ នឹងធ្វើនៅទីស្តីការ គ.ជ.ប ដោយមានការនិមន្ត យាងសម្តេចសង្ឃរាជទាំងពីរគណៈចូលរួម តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត៕

ទាញយកកម្មវិធី(App) CamNEC News

 

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778