សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៣២ គ.ជ.ប​ ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារពាក់ព័ន្ធសម្រាប់ជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត និងពិនិត្យពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់ គណបក្សមហាសាមគ្គីជាតិខ្មែរ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

១. ឯកភាពជាគោលការណ៍លើឯកសារពាក់ព័ន្ធសម្រាប់ជ្រើសរើសសមាសភាព គណៈកម្មការការិយាល័យបោះឆ្នោត ដែលរួមមាន៖

-  សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យ-បោះឆ្នោត ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ

-  សេចក្តីជូនដំណឹងនៃការជ្រើសរើស និងភារកិច្ចរបស់សមាសភាពគណៈកម្មការ ការិយាល័យបោះឆ្នោត

-  សេចក្តីណែនាំស្តីពីនីតិវិធីនៃការធ្វើសម្ភាសន៍ជ្រើសរើសសមាសភាពគណៈកម្មការ ការិយាល័យបោះឆ្នោត

-  លិខិតជម្រាបជូន លោក លោកស្រី ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងប្រធានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត អំពី សេចក្តីណែនាំស្តីពីការជ្រើសរើសសមាសភាពគណៈកម្មការិយាល័យបោះឆ្នោត។

 យោងតាមឯកសារខាងលើ គ.ជ.ប នឹងធ្វើការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត សរុបទូទាំងប្រទេសចំនួន ១៤២.៧៣៤ (មួយរយសែសិបពីរពាន់ ប្រាំពីររយសាមសិបបួន) រូប ដែលជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាម គណៈកម្មការការិយាល័យបោះឆ្នោតទូទាំងប្រទេស។ ចំពោះកាលបរិច្ឆេទនៃការជ្រើសរើសនឹងត្រូវធ្វើការផ្សព្វផ្សាយតាមរយៈសេចក្តីជូនដំណឹងនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣។

២. គ.ជ.ប សម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលមាន ៧ (ប្រាំពីរ) មណ្ឌលរាជធានី ខេត្ត ដោយមូលហេតុ គណបក្សមហាសាមគ្គីជាតិខ្មែរ មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។

ក្នុងដំណើរការពិនិត្យពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយ ចំនួន ៥ (ប្រាំ) ត្រូវបាន គ.ជ.ប ចេញលិខិត ជូនដំណឹងឱ្យបំពេញបន្ថែមចំណុចខ្វះខាត ហើយគណបក្សនយោបាយ ចំនួន ៣ (បី) បានបំពេញត្រឹមត្រូវជូន គ.ជ.ប វិញ គឺ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និង គណបក្សខ្មែរឈប់ក្រ។ ដោយឡែកគណបក្សនយោបាយចំនួន ២ (ពីរ) ទៀត មិនបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌ និងច្បាប់កំណត់ ត្រូវបាន គ.ជ.ប បដិសេធ គឺ គណបក្ស ភ្លើងទៀន និង គណបក្សមហាសាមគ្គីជាតិខ្មែរ ។

សរុបមក ក្នុងដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយ ចំនួន ២០ (ម្ភៃ) បានដាក់ពាក្យសុំចុះបញ្ជីនៅ គ.ជ.ប។  គណបក្សនយោបាយ ចំនួន ១៨ (ដប់ប្រាំបី)  ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕

ទាញយកកម្មវិធី(App) CamNEC News