សេចក្តីប្រកាសព័ត៌មានលេខ ០៥៥ គ.ជ.ប.អគ្គ ស្តីពី កម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកម្មវិធី ស្វែងយល់អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបោះឆ្នោតជូនដល់សាធារណជន ក្នុងសង្គមប្រជាធិបតេយ្យឱ្យបានទូលំទូលាយ និងជំរុញការចូលរួមពីគ្រប់ស្រទាប់មហាជន ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

កម្មវិធី ស្វែងយល់អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ នឹងត្រូវបានធ្វើការផ្សព្វផ្សាយតាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត ចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ធ្វើជាវាគ្មិនឆ្លើយសំណួរមិត្តអ្នកស្តាប់ ១ម៉ោង ក្នុង ១ថ្ងៃ សម្រាប់រយៈពេល ៦០ថ្ងៃ តាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត។ កម្មវិធីនេះ គឺជាការបើកឱកាសដល់បងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀត ចូលរួមស្វែងយល់អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងត្រៀមខ្លួនទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ 

អាស្រ័យហេតុនេះ សូមបងប្អូនប្រិយមិត្ត អ្នកស្តាប់ទាំងអស់ រង់ចាំតាមដានស្តាប់ និងចូលរួមសាកសួរទៅកាន់វាគ្មិនរបស់យើង ដោយមេត្រីភាព៕

ទាញយកកម្មវិធី(App) CamNEC News