សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ​​ ០២៥ គ.ជ.ប៖ ស្តីពី វគ្គបណ្តុះបណ្តាលស្តីពីការឃោសនាបោះឆ្នោតរយៈពេល ២ថ្ងៃ ត្រូវបានបិទបញ្ចប់

នារសៀលថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទី នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃ គឺថ្ងៃទី២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។
មានមតិសំណេះសំណាលក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍ថា ដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣  ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គ.ជ.ប បានកសាងប្រតិទិន និងផែនការមេ និងបានអនុវត្តសម្រេចការងារតាមដំណាក់កាលនីមួយៗ ជាពិសេសការអនុម័ត​បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលជា​ឯកសារគតិយុត្តដ៏សំខាន់ សម្រាប់ការអនុវត្តការងារបច្ចេកទេសបោះឆ្នោតតាមដំណាក់កាលនីមួយៗ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍បន្តទៀតថា គ.ជ.ប បានដាក់បញ្ចូលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជំនួសដល់ការអនុវត្តដោយដៃរបស់មន្ត្រីបោះឆ្នោតឱ្យកាន់តែមានភាពងាយស្រួល ល្អប្រសើរ មានតម្លាភាព និងសុក្រឹតភាពថែមមួយកម្រិតទៀត។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបន្ថែមថា ក្រៅពីការកសា​ងលិខិតបទដ្ឋានគតិយុត្តដែលមានលក្ខណៈល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ ការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ព្រមទាំងភាគីពាក់ព័ន្ធឱ្យមានការយល់ដឹងច្បាស់លាស់អំពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត គឺជាកត្តាសំខាន់ដែល គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យ​ហ្មត់​ចត់ ហើយនេះគឺជាហេតុផលសំខាន់ នាំឱ្យមានការជួបជុំគ្នាក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីបន្ថែមទៀតពាក់ព័ន្ធនឹងដំណើរការរៀបចំការបោះឆ្នោត ជាពិសេសការឃោសនាបោះឆ្នោត ដែលត្រូវអនុវត្តពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានធ្វើការអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជនឈរឈ្មោះ និងអ្នកគាំទ្រទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រមសីលធម៌សម្រាប់ការបោះឆ្នោត គោលការណ៍ស្ដីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ៖
គ្រប់បេក្ខជន និងគណបក្សនយោបាយទាំងអស់ត្រូវប្រកាន់អាកប្បកិរិយាថ្លៃថ្នូរ
គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់មិនត្រូវបង្គាប់បញ្ជាឱ្យអ្នកគាំទ្រ​របស់ខ្លួនទៅហែក ឬបំផ្លាញចោលសម្ភារ ឯកសារឃោសនារបស់គណបក្សនយោបាយ ឬ/និងបេក្ខជនដទៃឡើយ
គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ ត្រូវចៀសវាងប្រព្រឹត្តអំពើគំរាម​កំហែង ឬបំភិតបំភ័យ ឬអំពើហិង្សាទៅលើប្រជាពលរដ្ឋ ទៅលើគណបក្សនយោបាយ ឬបេក្ខជនដទៃទៀត
គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ មិនត្រូវញុះញង់អ្នកគាំទ្រ ឬអ្នកបោះឆ្នោតឱ្យប្រព្រឹត្តអំពើរំលោភបំពាន គំរាមកំហែង អំពើហិង្សា ឬបំភិតបំភ័យទៅលើបុគ្គល ឬគណបក្សនយោបាយដទៃទៀតឡើយ
គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ មិនត្រូវនិយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរក្នុងន័យអសីលធម៌ ប្រមាថ មាក់ងាយទៅលើបេក្ខជន ឬអ្នកគាំទ្រ ឬលើបុគ្គលណាម្នាក់ឡើយ
គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬអ្នកគាំទ្រទាំងអស់ មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្ដិតមេដៃ ឬស្បថ ឬសន្យា បោះឆ្នោតឱ្យគណបក្សនយោបាយណាមួយឡើយ
គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ មិនត្រូវផ្ដល់អំណោយជាថវិកា ឬជាសម្ភារដែលជារង្វាន់លើកទឹកចិត្ត វិភាគទាន ជូនសគុណ ឬរង្វាន់លើកទឹកចិត្តជាប្រាក់​កាស ឬជាសម្ភារ ទោះបីតាមមធ្យោបាយ ឬរូបភាពណាក៏ដោយដល់ស្ថាប័ន អង្គការ ឬបុគ្គលណាម្នាក់ក្នុងគោលបំណងទិញទឹកចិត្តអ្នកបោះឆ្នោត
គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ មិនត្រូវញុះញង់ឱ្យមានការរើសអើងទៅលើសមាជិកនៃជាតិពន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់
គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ មិនត្រូវគំរាមកំហែង ឬបំភិតបំភ័យដោយផ្ទាល់ ឬដោយប្រយោលដល់បុគ្គលណាម្នាក់ ឬក្រុមគ្រាំទ្រណាមួយ ដើម្បីឱ្យគេគាំទ្រ​ខ្លួន ឬបំបាក់ទឹកចិត្តបុគ្គលទាំងនោះឱ្យឈប់គាំទ្រដល់បេក្ខជន ឬគណបក្សនយោបាយដទៃទៀតឡើយ។
ចំពោះការសង្កេតកាណ៍បោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអំពាវនាវដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដែលបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬជនបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងនៅក្នុងការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
    ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ត្រៀមរៀបចំសម្ភារឧបទេស និងត្រៀមលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្តទៅមន្ត្រីបោះឆ្នោតថ្នាក់រាជធានី ខេត្ត ថ្នាក់ឃុំ សង្កាត់ ជាបន្តទៀត។
     ជាចុងក្រោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយបន្ត ដើម្បីអប់រំដល់សាធារណជនអំពីការឃោសនាបោះឆ្នោត ព្រមទាំងចូលរួមសហការអនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួន សំដៅធានាឱ្យដំណើរការឃោសនាបោះឆ្នោតប្រព្រឹត្តទៅក្នុងសភាពការណ៍មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ មានភាពចាស់ទុំ មានភាពថ្លៃថ្នូរ ចៀសវាងការជេរប្រមាថ​ ការញុះញង់ ការអុជអាលនាំឱ្យមានការរើសអើងទៅលើសមាជិកជាតិពន្ធុ ក្រុមជាតិពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់ ដើម្បីបង្កបរិយាកាសល្អដល់ដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិប-តេយ្យ សេរីពហុបក្ស។
វគ្គបណ្តុះបណ្តាលស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះត្រូវបាន គ.ជ.ប រៀបចំឡើងសម្រាប់បណ្តុះបណ្តាលដល់មន្ត្រីបោះឆ្នោតទាំង ២៥ រាជធានី ខេត្ត ដែលមានប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) សមាជិកនៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ដែលជាប្រធានផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ  តំណាងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងសមាគម និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ដែលមានសិក្ខាកាមប្រមាណ ១៧៥នាក់៕

ទាញយកកម្មវិធី(App) CamNEC News