សេចក្តីប្រកាសព័ត៌មានលេខ​ ០២៣ គ.ជ.ប៖ ស្តីពី ​​ តំណាង គ.ជ.ប ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនហ្គូហ្គល (Google)

យោងតាមសំណើរបស់តំណាងក្រុមហ៊ុនហ្គូហ្គល (Google) និងដោយមានការអនុញ្ញាតពី ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅរសៀលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៥:៣០ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ រួមជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន គ.ជ.ប បានទទួលជួបជាមួយលោក អ៊ីវ ហ្គោនស្ស៊ាឡេស (Mr. Yves Gonzalez) តំណាងក្រុមហ៊ុនហ្គូហ្គល (Google) ប្រចាំនៅអាស៊ីអាគ្នេយ៍ មានការិយាល័យ​​​នៅប្រទេសសិង្ហបុរី ដើម្បីពិភាក្សាអំពីកិច្ចសហការជាមួយគ្នា លើការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់។

លោក អ៊ីវ ហ្គោនស្ស៊ាឡេស បានមានប្រសាសន៍ថា បន្ទាប់ពីលោកបានជួបជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួចមក លោកមានបំណងជួប គ.ជ.ប ដើម្បីឱ្យមានកិច្ចសហការល្អជាមួយគ្នា ក្នុងការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ក្នុងបណ្តាញសង្គម។ ដើម្បីធ្វើការងារនេះបាន សុំបង្កើតក្រុមការងារទំនាក់ទំនងគ្នារវាង គ.ជ.ប ជាមួយនិងតំណាងក្រុមហ៊ុនហ្គូហ្គល (Google) ដែលមានទីស្នាក់ការប្រចាំនៅរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាបានទាន់ពេល។

បន្ទាប់ពីបានពិភាក្សាគ្នាលើបញ្ហាបច្ចេកទេសជាច្រើនលើផ្នែកព័ត៌មានវិទ្យារួចមក ក្នុងជំនួបពិភា​ក្សា​នោះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ បានស្នើឱ្យក្រុមហ៊ុនហ្គូហ្គល (Google) សហការជាមួយ គ.ជ.ប លើការងារមួយចំនួន៖
បង្កលក្ខណៈងាយស្រួលក្នុងការស្វែងរកទីតាំងការិយាល័យបោះឆ្នោត នៅលើហ្គូហ្គល  (Google) ឱ្យមានប្រសិទ្ធភាព
ទប់ស្កាត់ការលួចទិន្នន័យព័ត៌មានដោយខុសច្បាប់
ដកចេញខ្លឹមសារព័ត៌មានលើបណ្តាញសង្គម យូធូប (YouTube) ក្នុងករណី គ.ជ.ប ពិនិត្យឃើញថា មានការរំលោភបំពាន ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតនៅកម្ពុជា។ល។

លោក អ៊ីវ ហ្គោនស្ស៊ាឡេស បានទទួលយករាល់ការលើកឡើងទាំងអស់របស់តំណាង គ.ជ.ប ហើយបញ្ជាក់ថា កិច្ចសហការទាំងនេះមិនតម្រូវឱ្យបង់ថ្លៃសេវាទេ។

ជាចុងក្រោយ ឯកឧត្តម ហង្ស ពុទ្ធា មានប្រសាសន៍ថា ឯកឧត្តមនឹងរាយការណ៍ជូន គ.ជ.ប អំពីជំនួបនេះ ហើយការសុំបង្កើតក្រុមការងារទំនាក់ទំនង គឺទុកជូន គ.ជ.ប សម្រេច។

ជំនួបពិភាក្សាការងារបានប្រព្រឹត្តទៅអស់រយៈពេលប្រមាណមួយម៉ោង ប្រកបដោយភាពស្និទ្ធស្នាល និងយោគយល់គ្នា៕

ទាញយកកម្មវិធី(App) CamNEC News