ឆ្លើយតបតាមសំណើសុំជួបពិភាក្សាការងាររបស់ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី នាព្រឹក ថ្ងៃព្រហស្បត៍ ទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបសវនាការជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការមជ្ឈិមរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី ជាមួយនឹង គ.ជ.ប កម្ពុជា។
ឯកឧត្តម អាណាតូលី បូរ៉ូវីក បានសម្ដែងនូវការអរគុណចំពោះឯកឧត្តមប្រធាន គ.ជ.ប ដែលអនុញ្ញាតឱ្យមានកិច្ចប្រជុំពិភាក្សាទល់មុខគ្នានាពេលនេះ ពីព្រោះដោយសារជំងឺកូវីដ-១៩ បានធ្វើឱ្យជំនួបបែបនេះខកខាន។ ឯកឧត្តម បានសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសទី១ នៅអាស៊ី បានចាត់វិធានការជំងឺកូវីដ-១៩ បានជោគជ័យ។ ឯកឧត្តមបន្តថា សហព័ន្ធ- រុស្ស៊ី អបអរសាទរចំពោះ គ.ជ.ប កម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយជោគជ័យ ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ ប្រជាធិបតេយ្យនៅកម្ពុជាមានលក្ខណៈសមស្រប ទៅនឹងកត្តាប្រជាសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងនយោបាយជាក់ស្ដែងពិតប្រាកដរបស់កម្ពុជា។ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតរបស់កម្ពុជា ហើយដែលសភាស៊ីវិលនៅសហព័ន្ធរុស្ស៊ីមានការចាប់អារម្មណ៍ និងតាមដាន។ ក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការជឿជាក់ និងជូនពរ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប សូមឱ្យទទួលបានជោគជ័យក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនេះ។
ឯកឧត្តម អាណាតូលី បូរ៉ូវីក បានរំលឹកអំពីអនុស្សរណៈ ដែលភាគីគណៈកម្មាធិការមជ្ឈិមរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី និងភាគី គ.ជ.ប កម្ពុជា បានចុះហត្ថលេខាជាមួយគ្នា កាលពីឆ្នាំ២០១៨ នៅទីក្រុងមូស្គូ ហើយឯកឧត្តមចង់ជំរុញឱ្យមានការអនុវត្តជាក់ស្តែងដើម្បីផ្លាស់ប្ដូរ អ្នកជំនាញរៀបចំការបោះឆ្នោត ព្រមទាំងមានការសង្កេតមើលការបោះឆ្នោត ការធ្វើសិក្ខាសាលា សន្និសីទបែបវិទ្យាសាស្ត្រ និងកិច្ចប្រជុំតុមូលដែលមានផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងមានការចាត់បញ្ជូនតំណាង ដើម្បីពិនិត្យមើលការរៀបចំការបោះឆ្នោតនៅក្នុងរដ្ឋនៃភាគីនីមួយៗ ជាដើម ។ល។ ឯកឧត្តមបន្តថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលភាគីសហព័ន្ធរុស្ស៊ី និងភាគីព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខា មានឯកសារចំនួន ៧៩ ច្បាប់។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានសម្ដែងនូវការស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត សហព័ន្ធរុស្ស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកជួបពិភាក្សាការងារនៅថ្ងៃនេះ។ ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធាន គ.ជ.ប បានមានប្រសាសន៍ពាក់ព័ន្ធនឹងជំនួយឧបត្ថម្ភរបស់អតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី ជូនដល់ប្រជាជនកម្ពុជាក្នុងគ្រាដ៏សែនលំបាក ដែលបន្សល់ទុកដោយរបបខ្មែរក្រហម។
ពាក់ព័ន្ធនឹងការងារទំនាក់ទំនងរវាងភាគីទាំងពីរ ឯកឧត្តម ប្រាជ្ញ ចន្ទ មានប្រសាសន៍ថា កន្លងមក គ.ជ.ប កម្ពុជា ធ្លាប់បញ្ជូនប្រតិភូរបស់ខ្លួនទៅសង្កេតមើលការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងបានចូលរួមសន្និសីទអន្តរជាតិនៅសហព័ន្ធរុស្ស៊ីផងដែរ។ ចំពោះការបោះឆ្នោតនៅកម្ពុជា ឯកឧត្តមប្រធាន គ.ជ.ប បានជម្រាបជូនភាគីរុស្ស៊ីអំពី៖
- ប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្នបានចំនួន ១៦ លើក
- ប្រតិទិននៃការបោះឆ្នោត ផែនការមេ និងក្របខណ្ឌច្បាប់
- ការធ្វើទំនើបកម្មនៃដំណើរការរៀបចំការបោះឆ្នោត ដោយការប្រើបច្ចេកវិទ្យាព័ត៌មាន
- ដំណាក់កាលនៃការរៀបចំការបោះឆ្នោត មាន ៤ ដំណាក់កាល។ អំពីនីតិវិធីនៃការបោះឆ្នោត
- យន្តការនៃការដោះស្រាយពាក្យបណ្តឹងពាក់ពន្ធ័នឹងលទ្ធផលនៃការបោះឆ្នោត ។ល។
សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍ថា គ.ជ.ប នឹងអញ្ជើញស្ថានទូតនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសង្កេតមើលការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាភ្ញៀវពិសេស។ ឯកឧត្តមក៏យល់ស្របផងដែរថា ត្រូវជំរុញកិច្ចសហប្រតិបត្តិការរវាង គ.ជ.ប កម្ពុជា និងគណៈកម្មាធិការមជ្ឈិមរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី ដើម្បីធ្វើឱ្យមានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនេះ នៅពេលមានការជួបពិភាក្សាផ្ទាល់រវាងភាគីទាំងពីរ។
ជាថ្មីម្តងទៀត ឯកឧត្តម អាណាតូលី បូរ៉ូវីក បានថ្លែងអំណរគុណដល់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ចំពោះការលះបង់ពេលវេលាដ៏មមាញឹក ដើម្បីជួបភាគីប្រតិភូរុស្ស៊ី ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅមានជាបន្តបន្ទាប់ទៀត៕