សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០២០ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីសម្រេចពាក់ពន្ធ័នឹងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ចំនួន ៥ ដែលទើបបំបែក និងបង្កើតថ្មី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣។  

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍ លើឯកសារទាំងនោះរួមមាន៖ 

១. សេចក្តីសម្រេច ស្តីពីការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតលើកទី១ ជ្រើសរើស ក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។ 

២. សេចក្តីសម្រេច ស្តីពីការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្នុងការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។

៣. សេចក្តីសម្រេច ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុង អរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។

៤. លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា (ទម្រង់ ១១១៨ ស) ចំនួន ៥ ដែលក្នុងទម្រង់មានរាយឈ្មោះបេក្ខជនជាប់ឆ្នោត។

៥. របាយការណ៍ស្តីពីការផ្ទៀងផ្ទាត់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១ (ការ បោះឆ្នោតឡើងវិញ)។ 

ជាបន្តទៀត អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើកឯកសារដែល គ.ជ.ប ត្រៀមសុំចូលជាសមាជិកបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំងហៅកាត់ រ៉េសេហ្វ (RECEF)។  រ៉េសេហ្វ នឹងរៀបចំសិក្ខាសាលាបោះឆ្នោត និងសន្និបាតប្រចាំឆ្នាំដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ហើយ គ.ជ.ប នឹងបញ្ជូនតំណាង ១ រូប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នោះ៕

ទាញយកកម្មវិធី(App) CamNEC News