សេចក្តីប្រកាសព័ត៌មានលេខ ០៣៨ គ.ជ.ប.អគ្គ៖ គ.ជ.ប បានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវនូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ បញ្ជាក់ភាពត្រឹមត្រូវនូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ស្របតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ផែនការមេ និងប្រតិទិនការងាររបស់ គ.ជ.ប។
ក្រុមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបានអនុវត្តការងារត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតតាមក្រុង ស្រុកនីមួយៗយ៉ាងល្អិតល្អន់នៅចំពោះមុខតំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអ្នកសង្កេតការណ៍បោះឆ្នោត នៅទីស្ដីការ គ.ជ.ប។

ជាលទ្ធផល ក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការរៀបចំការបោះឆ្នោតនៃខេត្តពាក់ព័ន្ធ បានបញ្ជាក់ក្នុងតារាងត្រួតពិនិត្យបញ្ជាក់លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក (ទ.១១១៦តពស) កំណត់ហេតុត្រួតពិនិត្យបញ្ជាក់លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក (ទ.១១១១ស) និងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក (ទ.១១១៤ស) ឡើយ។

សូមជម្រាបជូនថា តាមផែនការមេ និងប្រតិទិនការងាររបស់ គ.ជ.ប ការបែងចែកអាសនៈ និងស្រង់បេក្ខជនជាប់ឆ្នោត នឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ និងបញ្ចប់យ៉ាងយូរត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដើម្បីឈានដល់ការប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត នាពេលខាងមុខ៕

ទាញយកកម្មវិធី(App) CamNEC News