គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣” ជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ សមាជិក គធ.ខប ដែលជាប្រធានផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងមន្រ្តី គ.ជ.ប សរុបប្រមាណ ១២៩នាក់ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប។
វគ្គបណ្ដុះបណ្ដាលរយៈពេលមួយព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធានាឱ្យការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះថា ដើម្បីធានាឱ្យការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ប្រព្រឹត្តទៅស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី និងដោយរលូន ព្រមទាំងមានប្រសិទ្ធភាពខ្ពស់ គឺចាំបាច់ត្រូវមានការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពរបស់មន្រ្តីបោះឆ្នោត និងភាគីពាក់ព័ន្ធឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីបទប្បញ្ញត្តិនៃច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងបច្ចេកទេសក្នុងការរៀបចំបញ្ជីបេក្ខជន និងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ តាមកម្មវិធីកុំព្យូទ័រ និងដោយដៃ។
ឯកឧត្ដមបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលលើកនេះមានលក្ខណៈខុសប្លែកពីវគ្គបណ្ដុះបណ្ដាលមុនៗ ដោយនាពេលនេះ យើងធ្វើការបណ្ដុះបណ្ដាលទាំងនីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ រួមទាំងមានការបង្ហាញពីរបៀបអនុវត្តកម្មវិធី ជាពិសេសគឺការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងការរៀបចំបញ្ជីបេក្ខជនដើម្បីជាជំនួយដល់គណបក្សនយោបាយ ក៏ដូចជាមន្រ្តីបោះឆ្នោត។
ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីបន្ថែមទៀត ដើម្បីយកទៅអនុវត្តការងារពាក់ព័ន្ធនឹងការរៀបចំការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងមានភាពត្រឹមត្រូវ។
សូមបញ្ជាក់ជូនថា តាមប្រតិទិនរបស់ គ.ជ.ប ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ គឺមានរយៈពេល ១៥ថ្ងៃ៕