សេចក្តីប្រកាសព័ត៌មានលេខ ០៣៥ គ.ជ.ប.អគ្គ៖ ដំណើរការទូទៅនៅថ្ងៃបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី

ថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ដែលទើបត្រូវបានបំបែក និងបង្កើតថ្មី។ ការិយាល័យបោះឆ្នោតទាំង ៥ ការិយាល័យ បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧:០០នាទីព្រឹក សម្រាប់ឱ្យអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែង ចំណុះឱ្យក្រុង ស្រុក ពាក់ព័ន្ធ ធ្វើការបោះឆ្នោតតាមការកំណត់នៃច្បាប់។ 

ការិយាល័យបោះឆ្នោតទាំងអស់ត្រូវបានបិទបញ្ចប់ការបោះឆ្នោត នៅម៉ោង ៨:២៥នាទី ដោយសារអ្នកបោះឆ្នោតបានមកបោះឆ្នោតគ្រប់ចំនួន ហើយគណៈកម្មការការិយាល័យបោះឆ្នោត បានបន្តនីតិវិធី ដើម្បីរាប់សន្លឹកឆ្នោតជាបន្តបន្ទាប់។

ជារួម ដំណើរការនៃការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង៕

 

ទាញយកកម្មវិធី(App) CamNEC News