សេចក្តីប្រកាសព័ត៌មានលេខ ០២៦ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីពីរ នៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី

ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ត្រូវជាថ្ងៃទីពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ចំនួន ៥ គឺក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ដែលទើបត្រូវបានបំបែក និងបង្កើតថ្មី។

 

តាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោត នៃខេត្តពាក់ព័ន្ធ ឃើញថា គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ និងជួបប្រជុំជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត អង្គបោះឆ្នោត និងសមាជិកគណបក្សនៅក្រុងអរិយក្សត្រ (អ្នកចូលរួមប្រមាណ ៣៧នាក់) និងក្រុងសំពៅពូន (អ្នកចូលរួមប្រមាណ ១៤៤នាក់) និងស្រុកអូរគ្រៀងសែនជ័យ (អ្នកចូលរួមប្រមាណ ១២៣នាក់)។

 

រីឯ គណបក្ស ភ្លើងទៀន បានធ្វើសកម្មភាពចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមសង្កាត់ និងចែកខិត្តបណ្ណនៅក្រុងអរិយក្សត្រ (អ្នកចូលរួមប្រមាណ ១៥នាក់) និងក្រុងសំពៅពូន (អ្នកចូលរួមប្រមាណ ១៥នាក់)។ ដោយឡែក គណបក្សហ៊្វុនស៊ិនប៉ិច ពុំមានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ។

 

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតក្នុងថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ សូមជម្រាបជូនថាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១នេះ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣៕

ទាញយកកម្មវិធី(App) CamNEC News