សេចក្តីជូនដំណឹងលេខ ០១៩ គ.ជ.ប.អគ្គ៖ កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៧ ឆ្នាំ២០២៣

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទស្តីពី៖

- ការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

- ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ

- ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីខាន៕ 

 

ទាញយកកម្មវិធី(App) CamNEC News