សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០០៩ គ.ជ.ប ស្តីពីកិច្ចប្រជុំផ្សព្វផ្សាយពាក់ព័ន្ធនឹងការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក

នាព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នៅសាលសន្និសីទគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតក្រោមអធិបតីភាព ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប ជាអ្នកនាំពាក្យ និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីវិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី នៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប ជាអ្នកនាំពាក្យ និងជាប្រធានដឹកនាំកិច្ចប្រជុំ បានលើកឡើងថា អ្វីដែល គ.ជ.ប រៀបចំកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ គឺការបោះឆ្នោតលើកទី១ ដែលជាការបោះឆ្នោតឡើងវិញសម្រាប់ក្រុង ស្រុក ចំនួន ៥ ដែលមាន ក្រុងអរិយក្សត្រ ក្រុងសំពៅពូន ក្នុងខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ ក្នុងខេត្តកំពង់ស្ពឺ ​និងស្រុកអូរគ្រៀងសែនជ័យ ក្នុងខេត្តក្រចេះ។ ឯកឧត្តមបន្តថា នេះជាការបោះឆ្នោត អសកល និងជាការបោះឆ្នោតបង្គ្រប់អាណត្តិពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។

ទោះបីជាការបោះឆ្នោតអសកលក៏ដោយ ឯកឧត្តម ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា គ.ជ.ប ត្រូវរៀបចំចាត់ចែងឱ្យមាន ៤ ដំណាក់កាល ដូចការបោះឆ្នោតសកលដែរ គឺ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការចុះឈ្មោះបោះឆ្នោតគឺជាការស្រង់ឈ្មោះដោយបញ្ជាក់តាមឋានានុក្រម រួចបញ្ជូនឈ្មោះមក គ.ជ.ប ការឃោសនា បោះឆ្នោត និងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត។ ទន្ទឹមនឹងនេះ គ.ជ.ប ក៏ត្រូវចាត់ចែងនូវវិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។

ពាក់ព័ន្ធនឹងបណ្តឹងលើបញ្ជីបោះឆ្នោតដំបូង ឯកឧត្តម ហង្ស ពុទ្ធា បានជម្រាបជូនថា ជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរតាមទម្រង់ពាក្យបណ្តឹង ១២០២។ រយៈពេលប្តឹង និងការដោះស្រាយពាក្យបណ្តឹងត្រូវអនុវត្តតាមនីតិវិធី ហើយសេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា។

មានសំណួរមួយចំនួនរបស់ភាគីពាក់ព័ន្ធចូលរួមក្នុងកិច្ចប្រជុំនោះ អំពីសមាសភាពដែលត្រូវស្ថិតនៅក្នុងបរិវេណនៃការិយាល័យបោះឆ្នោត និងការផ្លាស់ប្តូរឈ្មោះអ្នកបោះឆ្នោត។

ឆ្លើយទៅនឹងការលើកឡើងខាងលើនោះ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានជម្រាបជូនថា ភ្នាក់ងារនៃគណបក្សនយោបាយពេញសិទ្ធិ និងអ្នកសង្កេតការណ៍បោះឆ្នោតដែលទទួលស្គាល់ដោយ គ.ជ.ប ត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យបោះឆ្នោត ដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ចំពោះបញ្ជីបោះឆ្នោតផ្លូវការ ក្នុងករណីមានសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ណាម្នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទទួលមរណភាព ការកែប្រែបញ្ជីបោះឆ្នោតផ្លូវការ ត្រូវធ្វើក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ យ៉ាងតិចមុនថ្ងៃបោះឆ្នោត។

នេះជាកិច្ចប្រជុំលើកទី២ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតឡើងវិញ ដែលមានសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមកពីក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន អគ្គស្នងការ​ដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សាសកម្មភាពជន-ពិការ តំណាងគណបក្សនយោបាយ តំណាងស្ថានទូតជប៉ុន តំណាងសមាគម អង្គការមិនមែនរដ្ឋា-ភិបាល ព្រមទាំងអ្នកសារព័ត៌មាន​ផងដែរ ចំនួនប្រមាណជាង ៤០នាក់៕

ទាញយកកម្មវិធី(App) CamNEC News