សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០០៤ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ដែល​អគ្គលេខាធិការដ្ឋាន គ..ប ស្នើសុំពិនិត្យ និងសម្រេចពី គ.ជ.ប។

ឯកសារដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំ គ.ជ.ប ពិនិត្យ និងសម្រេច រួមមាន៖

១. ខ្លឹមសារអត្ថបទស្ប៉តវីដេអូ និងវិទ្យុ សម្រាប់ផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៖

- ខ្លឹមសារចម្រៀងកាយវិការ ចំនួន ៣ រឿង

-ខ្លឹមសារស្ប៉តវីដេអូអប់រំរឿងខ្លី ចំនួន ៣ រឿង

-ខ្លឹមសារស្ប៉តវីដេអូខ្លីបែបជីវចល ចំនួន ៣ រឿង

-ខ្លឹមសារអត្ថបទស្ប៉តវិទ្យុអប់រំ ចំនួន ៣ រឿង

-ខ្លឹមសារស្ប៉តសេចក្ដីជូនដំណឹង ចំនួន ៥ សម្រាប់ផ្សព្វផ្សាយតាមមេក្រូចល័ត

២.ឯកសារសម្រាប់បោះពុម្ពផ្សព្វផ្សាយ៖

-ខិត្តបណ្ណព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

-គំរូប្លង់ការិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

-ខ្លឹមសារបដាសម្រាប់ចងនៅតាមទីសាធារណៈ “សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣”

-ខ្លឹមសារស្ទីកគ័រ (Sticker) សម្រាប់ផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសតាំងតំណាង-រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

៣.សៀវភៅណែនាំស្ដីពីភារកិច្ច និងកាតព្វកិច្ចមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

៤.ទម្រង់សន្លឹកឆ្នោត និងសន្លឹកឆ្នោតគំរូសម្រាប់បម្រើឱ្យការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ

៥.ការប្រើប្រាស់គំរូទម្រង់បែបបទ ទម្រង់ស្រោមសំបុត្រ ស្បោងកញ្ចប់ ដាក់សម្ភារឯកសារ ត្រាការិយាល័យ ត្រាសម្ងាត់ និងបណ្ណប្រកាស សម្រាប់បម្រើឱ្យការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ

៦.ឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា គ.ជ.ប ឱ្យចូលបម្រើការងារ​ក្នុងក្របខ័ណ្ឌ គ.ជ.ប សម្រាប់ឆ្នាំ២០២៣។

 

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក អង្គ​ប្រជុំ គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួនលើអត្ថបទស្ប៉តវិទ្យុ ហើយតម្រូវឱ្យអង្គភាពជំនាញកែសម្រួលតាមស្មារតីនៃអង្គ​ប្រជុំរបស់ គ.ជ.ប រួចត្រូវដាក់ឆ្លង គ.ជ.ប ម្តងទៀត។ ដោយឡែកស្ប៉តវីដេអូ និងចម្រៀងកាយវិការ អង្គប្រជុំ គ.ជ.ប បានឯកភាពជាគោលការណ៍ ដើម្បីឱ្យអង្គភាពជំនាញ រៀបចំ​ផលិតសម្រាប់ផ្សព្វផ្សាយ។ ចំពោះឯកសារដែលនៅចំណុចទី៣​ ទី៤ និងទី៥ ខាងលើក៏ត្រូវបានអង្គប្រជុំ គ.ជ.ប ឯកភាព។ អង្គប្រជុំ គ.ជ.ប ក៏បានឯកភាពលើឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា គ.ជ.ប ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌ គ.ជ.ប សម្រាប់ឆ្នាំ២០២៣ ដែលរួមមាន៖

-សេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា នៃគណៈ-កម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌ ​គ.ជ.ប សម្រាប់ឆ្នាំ២០២៣

-សេចក្ដីណែនាំស្ដីពីនីតិវិធីនៃការប្រឡង

-ទម្រង់បែបបទ និងពាក្យសុំប្រឡងប្រជែងចូលក្របខ័ណ្ឌ គ.ជ.ប ឆ្នាំ២០២៣

-បទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រឡងជ្រើសរើស

-សេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការជ្រើសរើស និង

-សេចក្ដីសម្រេចស្ដីពីការបង្កើតអនុគណៈកម្មការ៕   

ទាញយកកម្មវិធី(App) CamNEC News