សេចក្តីប្រកាសព័ត៌មានលេខ ២១៣ គ.ជ.ប.អគ្គ៖ ជំនួបទ្វេភាគីរវាង គ.ជ.ប និងអង្គការខុមហ្វ្រែល

តបតាមសំណើរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាត់តាំងមន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ចំនួន ៧ រូប ដឹកនាំដោយឯកឧត្ដម សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប ដើម្បីជួបពិភាក្សាជាមួយតំណាងអង្គការខុមហ្វ្រែល ដែលដឹកនាំដោយលោក សុក សំអឿន ប្រធានគណៈកម្មាធិការនាយកអង្គការខុមហ្វ្រែល នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។

ជាកិច្ចចាប់ផ្ដើមក្នុងជំនួបនេះ ឯកឧត្ដម សោម សូរីដា បានស្វាគមន៍ចំពោះវត្តមានរបស់ប្រតិភូអង្គការខុមហ្វ្រែល និងថ្លែងអំណរគុណចំពោះការចូលរួមក្នុងនាមជាភាគីពាក់ព័ន្ធមួយដ៏សំខាន់ក្នុងការសង្កេតមើលដំណើរការបោះឆ្នោតនាពេលកន្លងមក ព្រមទាំងការផ្ញើរបាយការណ៍ជូន គ.ជ.ប កាលពីពេលថ្មីៗនេះ។ 

ជំនួបនេះធ្វើឡើងបន្ទាប់ពីអង្គការខុមហ្វ្រែល ស្នើសុំ គ.ជ.ប ជួបពិភាក្សាបន្ថែមលើរបាយការណ៍ ស្ដីពីបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានដាក់ជូន គ.ជ.ប ធ្វើការពិនិត្យ។

ឯកឧត្ដម សោម សូរីដា បានជម្រាបភាគីអង្គការខុមហ្វ្រែល ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលកន្លងទៅនេះ បានបញ្ចប់ទៅដោយទទួលបានការសាទរ និងការវាយតម្លៃពីមជ្ឈដ្ឋានទូទៅ ទាំងជាតិ និងអន្តរជាតិថា ដំណើរការបោះឆ្នោតនេះ បានប្រព្រឹត្តទៅរលូនល្អ ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ ដោយអនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីពាក់ព័ន្ធនឹងការបោះឆ្នោតជាធរមាន។ ឯកឧត្ដមបានបញ្ជាក់ផងដែរថា បើទោះបីជាការបោះឆ្នោតនេះបានប្រព្រឹត្តទៅរលូនល្អក៏ពិតមែន តែមិនអាចចាត់ទុកថាល្អឥតខ្ចោះនោះទេ ហើយ គ.ជ.ប ក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ គឺមានតែខិតខំពង្រឹងការអនុវត្តការងាររបស់ខ្លួនស្របតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធជាធរមាន។

ភាគីអង្គការខុមហ្វ្រែល បានលើកឡើងអំពីរបាយការណ៍ដែលខ្លួនបានដាក់ជូន គ.ជ.ប ថា របាយការណ៍នេះមិនមែនជាការចង់ដាក់បន្ទុកដល់ គ.ជ.ប នោះទេ តែសង្ឃឹមថា គ.ជ.ប នឹងពិចារណាលើចំណុចដែលបានរកឃើញទាំងនោះ ក្នុងន័យលើកកម្ពស់ការរៀបចំការបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខៗទៀតឱ្យកាន់តែប្រសើរ។ 

ឯកឧត្ដម សោម សូរីដា បានជម្រាបជូនថា គ.ជ.ប ទទួលយករបាយការណ៍របស់ខុមហ្វ្រែល និងធ្វើការពិនិត្យមើលចំណុចទាំងឡាយណា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ គ.ជ.ប ក្នុងក្របខ័ណ្ឌនៃការអនុវត្តការងាររបស់ខ្លួន។ ក្នុងនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ភាពមិនប្រក្រតី ដែលរកឃើញដោយអង្គការខុមហ្វ្រែលវាគ្រាន់តែជាកំហុសបច្ចេកទេសក្នុងការអនុវត្តរបស់មន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតប៉ុណ្ណោះ ប៉ុន្តែវាពុំមែនជាភាពមិនប្រក្រតីដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផលនៃការបោះឆ្នោតនោះទេ។

នៅក្នុងជំនួបនេះ ភាគី គ.ជ.ប ក៏បានធ្វើការបកស្រាយដោយឈរលើមូលដ្ឋានច្បាប់ ចំពោះការលើកឡើងរបស់ភាគីអង្គការខុមហ្វ្រែល នូវចំណុចមួយចំនួនផងដែរ ដូចជា៖

- ការរៀបចំឱ្យមានការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនៅក្រៅប្រទេស។ ត្រង់ចំណុចនេះ ភាគី គ.ជ.ប បានបកស្រាយថា គ.ជ.ប បានបំពេញភារកិច្ចរបស់ខ្លួន ដោយគោរព និងអនុវត្ត ទៅតាមក្របខ័ណ្ឌច្បាប់ ដែលអនុញ្ញាតឱ្យបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត តែនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ

- ចំពោះការបិទទ្វារ ឬ/និងបង្អូចការិយាល័យរាប់សន្លឹកឆ្នោត នៅពេលរាប់សន្លឹកឆ្នោត ភាគី គ.ជ.ប បានបកស្រាយថា យោងមាត្រា៣០ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អ្នកដែលមានសិទ្ធិអាចនៅក្នុងការិយាល័យរាប់សន្លឹកឆ្នោតបាន គឺមានមន្រ្តីការិយាល័យរាប់សន្លឹកឆ្នោត ភា្នក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ ភ្ញៀវពិសេស និងអ្នកសារព័ត៌មាន ដូច្នេះមិនអាចថា ការបិទបន្ទប់ការិយាល័យរាប់សន្លឹកឆ្នោតជាភាពមិនប្រក្រតីនោះទេ 

- ការលុបបេក្ខជន ឬបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ភាគី គ.ជ.ប បំភ្លឺថា ក្នុងដំណាក់កាលដំបូងនៃការចុះបញ្ជីបេក្ខជន ច្បាប់តម្រូវឱ្យគណបក្សនយោបាយត្រូវដាក់បេក្ខជនចំនួនពីរដងនៃអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់នោះ។ ករណីការដាក់បេក្ខជនមិនគ្រប់តាមចំនួនកំណត់ បញ្ជីបេក្ខជននៃគណបក្សនយោបាយនោះត្រូវបានបដិសេធការសុំចុះបញ្ជី។ ប៉ុន្តែក្នុងករណីបញ្ជីមានបេក្ខជនគ្រប់ចំនួនហើយ ត្រូវបានទទួលយល់ព្រមឱ្យចុះបញ្ជី បញ្ជីនោះត្រូវបិទផ្សាយជាបញ្ជីបេក្ខជនដំបូង។ ប្រសិនបើមានការប្ដឹងពីប្រជាពលរដ្ឋចំពោះបញ្ជីបេក្ខជនដំបូង បេក្ខជនណាមិនបំពេញបានតាមលក្ខខណ្ឌកំណត់នៃច្បាប់ បេក្ខជននោះត្រូវលុបចេញពីបញ្ជីបេក្ខជនដំបូង ពោលគឺមិនបដិសេធបញ្ជីបេក្ខជនទាំងមូលទេ

- ចំពោះការស្នើឱ្យពង្រឹងការអនុវត្តរបស់មន្រ្តីបោះឆ្នោតលើកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់ ១១០២) ភាគី គ.ជ.ប ទទួលស្គាល់ថា កន្លងមកមានកំហុសឆ្គងរបស់មន្រ្តីបោះឆ្នោតមួយចំនួនតែក្នុងចំនួនតិចតួចប៉ុណ្ណោះ ដែលធ្វើឱ្យកើតមានករណីដូចជាការដែលពួកគាត់មិនបានបិទផ្សាយ ទ.១១០២ នេះជាដើម។ ទាំងនោះដោយសារតែពួកគាត់ត្រូវបានជ្រើសរើសសម្រាប់បំពេញការងារ និងទទួលបានការបណ្ដុះបណ្ដាល ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ គ.ជ.ប នឹងខិតខំធ្វើយ៉ាងណាបញ្ចៀសនូវកំហុសទាំងនេះ។

ជំនួបទ្វេភាគីនេះ បានប្រព្រឹត្តទៅដោយរលូនក្នុងរយៈពេលមួយម៉ោងកន្លះ ក្នុងបរិយាកាសស្និទស្នាល និងយោគយល់៕

 

 

ទាញយកកម្មវិធី(App) CamNEC News