សេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៦៨ គ.ជ.ប លើកង្វល់របស់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កត់សម្គាល់ឃើញមានប្រតិកម្ម និងកង្វល់របស់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួនពាក់ព័ន្ធនឹងការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ។

ទន្ទឹមនឹងនេះ គ.ជ.ប ក៏សូមជម្រាបជូនសាធារណជន និងភាគីពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយផ្អែកទៅលើមូលដ្ឋានសំខាន់ៗ៖

ទី១- ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ

ទី២- បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨

ទី៣- គោលការណ៍ទំនើបកម្ម និងគោលការណ៍អនុវត្តមួយចំនួនទៀត ដែល គ.ជ.ប បានសម្រេចដាក់ឱ្យប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

 

ជារួម សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ស្ទើរតែរក្សាទាំងស្រុងនូវខ្លឹមសារដើមនៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដោយគ្រាន់តែកែសម្រួលលក្ខខណ្ឌបច្ចេកទេសមួយចំនួនដែល គ.ជ.ប បានដាក់ឱ្យអនុវត្ត និងទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមក ដែលរួមមានជាអាទិ៍៖

- ជំពូកទី១ បានកែសម្រួល និងធ្វើបច្ចុប្បន្នភាពខ្លឹមសារពាក់ព័ន្ធនឹងការងារសន្តិសុខបោះឆ្នោត ឱ្យស្របនឹងផែនការអន្តរស្ថាប័នលេខ ០១០ ផ.ក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប។

- ជំពូកទី៤ បានដាក់បញ្ចូលការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ដើម្បីជាជំនួយដល់ការគ្រប់គ្រងការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត (កម្មវិធីនេះបានអភិវឌ្ឍបន្ថែមពីកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២)។

- ជំពូកទី៦ បានដាក់បញ្ចូលការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ដើម្បីគ្រប់គ្រងការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ស្របតាមសេចក្តីណែនាំរួមលេខ ០៣៤ ស.ណ.ន ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ រវាងក្រសួងមហាផ្ទៃ និង គ.ជ.ប។ 

- ជំពូកទី៨ ៖

* បានដាក់បញ្ចូលការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ដើម្បីជាជំនួយក្នុងការគ្រប់គ្រង ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត ដែលរួមមានទាំងលទ្ធផលបឋម លទ្ធផលបណ្តោះអាសន្ន  និងលទ្ធផលផ្លូវការនៃការបោះឆ្នោត (កម្មវិធីនេះត្រូវបានអភិវឌ្ឍបន្ថែមពីកម្មវិធីគ្រប់គ្រងលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២)។

* កែសម្រួលលក្ខខណ្ឌបច្ចេកទេសក្នុងការបំពេញ និងការប្រើប្រាស់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ឱ្យមានសង្គតិភាពនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ សំដៅធ្វើឱ្យកាន់តែប្រសើរឡើង ព្រមទាំងធានាបាននូវប្រសិទ្ធភាព ប្រសិទ្ធផល និងមានតម្លាភាពខ្ពស់ក្នុងការគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោតថែមមួយកម្រិតទៀត។

 

គ.ជ.ប សូមស្វាគមន៍ចំពោះមតិយោបល់របស់ភាគីពាក់ព័ន្ធទាំងអស់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ហើយ គ.ជ.ប នឹងធ្វើការពិនិត្យ និងពិចារណាលើរាល់មតិយោបល់ដែលបានលើកឡើង ដោយផ្អែកលើស្មារតីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន។ 

 

គ.ជ.ប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ និងចូលរួមពិនិត្យ ផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតនេះ៕ 

 

ទាញយកកម្មវិធី(App) CamNEC News