សេចក្តីជូនដំណឹង លេខ ១០១ គ.ជ.ប.អគ្គ៖ ប្រតិភូ គ.ជ.ប នឹងអញ្ជើញចូលរួមមហាសន្និបាត លើកទី៥ របស់សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក (A-WEB) និងសន្និសីទអន្តរជាតិ នៅប្រទេសអាហ្រ្វិកខាងត្បូង

តបតាមការអញ្ជើញរបស់សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា A-WEB ប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្ដម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាននៃ គ.ជ.ប នឹងអញ្ជើញចូលរួមមហាសន្និបាត លើកទី៥ និងសន្និសីទអន្តរជាតិស្ដីពី “កិច្ចការពារស្ថាប័នគ្រប់គ្រងការបោះឆ្នោតក្នុងសម័យកាលដែលលទ្ធិប្រជាធិបតេយ្យសកលលោកមានការធ្លាក់ចុះ” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ជាមួយប្រទេសដែលជាសមាជិក A-WEB សរុប ១០៩ ប្រទេស។

 

គណៈប្រតិភូ គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា នឹងចេញដំណើរនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ហើយឆ្លៀតក្នុងឱកាសចេញដំណើរនោះ ឯកឧត្ដម ឌឹម សុវណ្ណារុំ ប្រធានប្រតិភូ គ.ជ.ប នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនពីសារៈសំខាន់នៃព្រឹត្តិការណ៍ខាងលើនេះ វេលាម៉ោង ៦ល្ងាច នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP)។

 

  សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិចូលរួមយកព័ត៌មានកុំបីខាន៕

 

ទាញយកកម្មវិធី(App) CamNEC News