សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ លេខ​ ០៦២ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ គ.ជ.ប នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២

នាព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ សម្រេចលើស្ប៉តវីដេអូអប់រំ ចំនួន ៥រឿង និងវីដេអូចម្រៀងកាយវិការ ចំនួន ៣បទ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

បន្ទាប់ពីបានពិនិត្យវីដេអូ និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក គ.ជ.ប បានសម្រេចឱ្យអង្គភាពជំនាញធ្វើការកែសម្រួលខ្លឹមសារមួយចំនួន ហើយ​បានឯកភាពជាគោលការណ៍​ឱ្យផ្សព្វផ្សាយតាមដំណាក់កាលស្របតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ចំណងជើងវីដេអូ ដែលនឹងត្រូវផ្សព្វផ្សាយតាមទូរទស្សន៍ និងបណ្ដាញទំនាក់ទំនងសង្គមទាំងនោះរួមមាន៖

១. ស្ប៉តវីដេអូអប់រំ៖

-          រឿងទី១ “យុវជនឆ្លាតវៃ ចុះឈ្មោះបោះឆ្នោត”

-          រឿងទី២ “មើលឈ្មោះហើយឬនៅ?”

-          រឿងទី៣ “​ការផ្ទេរឈ្មោះបោះឆ្នោតទៅឃុំ សង្កាត់ថ្មី”

-          រឿងទី៤ “បញ្ជីបោះឆ្នោតដំបូងបិទផ្សាយហើយ”

-          រឿងទី៥ “ឯកសារសម្រាប់ផ្ទៀងផ្ទាត់ជាមួយបញ្ជីបោះឆ្នោតដំបូង”។

២. ចម្រៀងកាយវិការ

-          បទចម្រៀងទី១ “សូមអញ្ជើញពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២១”

-         បទចម្រៀងទី២ “ហេតុអ្វីត្រូវចុះឈ្មោះបោះឆ្នោត? ”

-         បទចម្រៀងទី៣ បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត បិទផ្សាយហើយ

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕ 

ទាញយកកម្មវិធី(App) CamNEC News