សេចក្តីប្រកាសព័ត៌មាន លេខ ០៩៨ គ.ជ.ប.អគ្គ៖ គ.ជ.ប បញ្ជ្រាបការយល់ដឹងស្តីពី “សារៈសំខាន់នៃការបោះឆ្នោត” ជូនដល់សិស្ស និស្សិត នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្នុងខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពី “សារៈសំខាន់នៃការបោះឆ្នោត” ជូនដល់សិស្ស និស្សិត នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្នុងរាជធានី ខេត្តទាំង ២៥ ជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីខេត្តឧត្ដរមានជ័យ នៅថ្ងៃទី៦ ខែតុលា និងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដោយមានការផ្តល់កិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនក្នុងសង្គមលទ្ធិប្រជាធិបតេយ្យឱ្យបានទូលំទូលាយ និងដើម្បីជំរុញការចូលរួមរបស់យុវជនក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ថា វគ្គអប់រំ ផ្សព្វផ្សាយនេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងដល់យុវជនអំពីមូលដ្ឋានគ្រឹះនៃសិទ្ធិបោះឆ្នោត តាមរយៈភាពមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្ពោះទៅរកការសម្រេចចិត្តបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន។ ឯកឧត្តមបានបញ្ជាក់ថា ការបោះឆ្នោត គឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ។

ឯកឧត្តមមានការជឿជាក់ថា វគ្គអប់រំ ផ្សព្វផ្សាយនេះ នឹងក្លាយជាផ្នែកមួយជួយជំរុញដល់យុវជនដែលគ្រប់អាយុបោះឆ្នោត ក្នុងការមកចុះឈ្មោះបោះឆ្នោត តាមពេលវេលាកំណត់របស់ គ.ជ.ប។ ចំពោះការចុះឈ្មោះបោះឆ្នោតឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

សូមជម្រាបជូនថា ក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មានការធ្វើបទបង្ហាញដោយមន្រ្តីជាន់ខ្ពស់របស់ គ..ប ទៅលើប្រធានបទចំនួន ៤ រួមមាន៖

-   ប្រវត្តិ និងដំណើរការនៃការបោះឆ្នោត

-   ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ

-   សារៈសំខាន់នៃការបោះឆ្នោត​ តាមរយៈការចូលរួមរបស់យុវជនក្នុងសង្គមប្រជាធិបតេយ្យ

-    ការចូលរួមរបស់យុវជនក្នុងដំណាក់កាលនៃការបោះឆ្នោត

សូមបញ្ជាក់ជូនថា សិក្ខាកាមដែលបានចូលរួមនៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពីសារៈសំខាន់នៃការបោះឆ្នោត នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន សរុបទាំងពីរខេត្ត មានចំនួនប្រមាណ ៦០០នាក់ ដែលជាសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីបោះឆ្នោត និងសិស្ស និសិ្សត៕

ទាញយកកម្មវិធី(App) CamNEC News