សេចក្តីប្រកាសព័ត៌មាន ០៩៣ គ.ជ.ប.អគ្គ៖ ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២» ជូន លធ.ខប តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

វគ្គបណ្ដុះបណ្ដាលរយៈពេល ៣ថ្ងៃស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២” ជូនដល់ប្រធាន អនុប្រធាន និងអ្នកបច្ចេកទេសកុំព្យូទ័រនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានបិទបញ្ចប់នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមអធិបតីភាពឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

 

នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ ត្រូវអនុវត្តតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលត្រូវបានប្រកាសឱ្យប្រើដោយសេចក្តីសម្រេចលេខ ១៨៨ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លើកលែងតែបញ្ញត្តិពាក់ព័ន្ធនឹងសម្ភារ ឯកសារចុះឈ្មោះបោះឆ្នោតដែលត្រូវផ្តល់ជូន លធ.ខប ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ដូចបានកំណត់ និងផ្តល់ជូនជាក់ស្តែងតាមការសម្រេចរបស់ គ.ជ.ប ផ្អែកលើផែនការសម្ភារ ឯកសារប្រចាំឆ្នាំ២០២២។

 

ឯកឧត្ដម បានមានប្រសាសន៍ថា ផ្អែកតាមមេរៀនពិសោធន៍កន្លងមក និងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តការងារបច្ចេកទេសចុះឈ្មោះបោះឆ្នោត គ.ជ.ប បានរៀបចំកែលម្អកម្មវិធីចុះឈ្មោះបោះឆ្នោតក្នុងប្រព្រ័ន្ធកុំព្យូទ័រ និងកែសម្រួលទម្រង់បែបបទបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត (ទ.១០២២ គ្មានអត្តលេខ) និងទម្រង់បែបបទបង្កាន់ដៃទទួលកែតម្រូវ ឬ/និងប្ដូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ (ទ.១០២៨) ព្រមទាំងបានចាត់វិធានការនានាដើម្បីការពារសន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល។

 

នៅក្នុងឱកាសនេះ ឯកឧត្ដម ទេព នីថា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋាន និងអង្គភាពជំនាញ គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ ដែលបានសហការ និងចូលរួមយ៉ាងសកម្មធ្វើឱ្យដំណើរការវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន ស្របតាមផែនការ និងប្រតិទិនដែលបានកំណត់។

 

ឯកឧត្ដម បានណែនាំដល់ លធ.ខប ទាំងអស់ត្រូវត្រៀមរៀបចំសម្ភារឧបទ្ទេស និងត្រៀមលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្តទៅមន្រ្តី លធ.ខប ក្រុមចុះឈ្មោះបោះឆ្នោត និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងក្របខ័ណ្ឌរាជធានី ខេត្តរបស់ខ្លួន ស្របតាមផែនការ និងប្រតិទិនដែលបានកំណត់ និងតាមគោលការណ៍ណែនាំរបស់ គ.ជ.ប ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ ការពារ និង ៣ កុំ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ ឯកឧត្ដម បានស្នើសុំភាគីពាក់ព័ន្ធមេត្តាជួយផ្សព្វផ្សាយបន្ត ដើម្បីអប់រំដល់សាធារណជនអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងចូលរួមសហការអនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួន តាមគោលការណ៍ណែនាំរបស់ គ.ជ.ប សំដៅធានាឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រេចបានជោគជ័យ ប្រកបដោយបរិយាកាសសន្តិសុខ សុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ល្អ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

ទាញយកកម្មវិធី(App) CamNEC News