សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៥៥ គ.ជ.ប ស្តីពី ជំនួបពិភាក្សាការងាររវាង គ.ជ.ប ជាមួយគណបក្សនយោបាយចំនួន ៤ ពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា

បន្ទាប់ពីណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលសំណើរួមគ្នារបស់គណបក្សនយោបាយចំនួន ៤ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ រួចមក ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានចាត់តាំងក្រុមការងារ គ.ជ.ប ដើម្បីទទួលជួបតំណាងគណបក្សនយោបាយចំនួន ៤ ដែលមានបំណងបង្ហាញអំពីសំណើកែលម្អប្រព័ន្ធ​បោះឆ្នោតនៅកម្ពុជា។   

នាព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១០:០០ នៅសាលប្រជុំរបស់ គ.. ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានដឹកនាំក្រុមការងារ ដែលមានថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប ទទួលជួបជាមួយតំណាងគណបក្សនយោបាយចំនួន ៤ រួមមាន គណបក្សភ្លើងទៀន គណប​ក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

ក្នុងជំនួបនោះ ភាគីគណបក្សនយោបាយបានលើកឡើងចំនួន ១៧ ចំណុច ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត ហើយតំណាងគណបក្សនយោបាយបានពន្យល់នូវចំណុចនីមួយៗដល់ភាគី គ.ជ.ប អំពីបញ្ហាដែលគណបក្សនយោបាយជួបការលំបាក និងបញ្ហាខ្លះទៀតសំណូមពរឱ្យ​មានការធ្វើវិសោធនកម្មច្បាប់ ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត។

ក្រោយពីបានស្តាប់ការលើកឡើងរបស់ភាគីគណបក្សនយោបាយរួចមក ភាគី គ.ជ.ប បានជម្រាបជូនដល់ភាគីគណបក្សនយោបាយវិញថា ចំណុចខ្លះមិនពាក់ព័ន្ធនឹងសមត្ថកិច្ច គ.ជ.ប ទេ គឺទាក់ទងនឹងស្ថាប័នរដ្ឋសភា ដែលជាស្ថាប័នរៀបចំច្បាប់ និងស្ថាប័នក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងអាជ្ញាធរដែនដី។ ស្ថាប័ន គ.ជ.ប ទាក់ទងនឹងការងារបច្ចេកទេស​នៅក្នុងការអនុវត្តច្បាប់តែប៉ុណ្ណោះ។

ជារួម ចំពោះសំណើរបស់គណបក្សនយោបាយទាំង ៤ បានស្នើឡើងនោះ ភាគី គ.ជ.ប ទទួលយក និងរៀបចំជារបាយការណ៍ ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេចថា តើគួរយក ឬមិនគួរយកទៅលើចំណុចណាមួយ ដើម្បីកែលម្អស្របទៅតាមច្បាប់។

កិច្ចប្រជុំពិភាក្សាបានប្រព្រឹត្តទៅអស់រយៈពេលជាងពីរម៉ោង ភាគីទាំងពីរបានទទួលស្គាល់ ថា មានលក្ខណៈល្អ យោគយល់គ្នា ដោយបានជជែកគ្នាត្រង់ទៅ ត្រង់មក ហើយការជួបគ្នាបែបនេះ គឺជាយន្តការល្អ ពីព្រោះអាច​យកបញ្ហាមកដាក់លើតុ ដើម្បីជជែកគ្នារកវិធានការ និងរកវិធីដោះស្រាយនូវបញ្ហាប្រឈមដែលអាចកើតមានឡើង ជាពិសេសធ្វើយ៉ាងណា ដើម្បីឱ្យដំណើរការរៀបចំការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មានលក្ខណៈ​កាន់តែល្អប្រសើរឡើង៕

 

ទាញយកកម្មវិធី(App) CamNEC News