សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៥៤ គ.ជ.ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​​​​​​​ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើលទ្ធផលនៃការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លីបម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

យោងតាមសេចក្ដីជូនដំណឹងលេខ ០៥៥ គ.ជ.ប.ស.ជ.ណ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ គ.ជ.ប បានប្រកាសផ្សព្វផ្សាយជាសាធារណៈ ដើម្បីជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៥២៧រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

ផ្អែកតាមរបាយការណ៍ បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សរុបទូទាំងប្រទេសមានចំនួន ៩៨២ រូប តាមមុខតំណែងដូចខាងក្រោម ៖

១.  ជំនួយការរដ្ឋបាល និងលេខាធិការ​ សរុបចំនួន ៥៥ រូប

២.  ជំនួយការគណនេយ្យ សរុបចំនួន ៥០ រូប

៣. ជំនួយការប្រតិបត្តិការ សរុបចំនួន ១៤ រូប

៤.  ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម សរុបចំនួន ៤១ រូប

៥.  លេខាធិការ សរុបចំនួន ៥៨ រូប

៦.  ជំនួយការអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ (គ្រូបង្ហាត់)

-     គ្រូបង្ហាត់ផ្នែកទ្រឹស្តី សរុបចំនួន ៣៨០ រូប

-     គ្រូបង្ហាត់ដែលអាចប្រើកុំព្យូទ័របាន សរុបចំនួន ៣៧៥ រូប

៧. អ្នកបើកបររថយន្ត សរុបចំនួន  ៩ រូប។

ដំណើរការប្រឡងបានប្រព្រឹត្តទៅជាពីរក្រុម ដោយមួយក្រុមមានខេត្ត ចំនួន ១៣ ត្រូវរៀបចំការប្រឡងនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ និងមួយក្រុមទៀតដែលមានរាជធានី ខេត្ត ចំនួន ១២ ត្រូវរៀបចំការប្រឡងនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

        ក្រោយបញ្ចប់ការប្រឡង  អនុគណៈកម្មការកណ្តាលនៅ គ.ជ.ប បានទទួលសន្លឹកកិច្ចការរបស់បេក្ខជនពីអនុគណៈកម្មការរៀបចំការប្រឡងតាមរាជធានី ខេត្តទាំង ២៥ បន្ទាប់មកបានធ្វើកិច្ចការកំណែ និងដាក់ពិន្ទុស្របតាមគោលការណ៍កំណត់របស់ គ.ជ.ប។

សរុបជាលទ្ធផល បេក្ខជនចំនួន ៥២៧រូប បានប្រឡងជាប់ជាមន្ត្រីកិច្ចសន្យារយៈពេលខ្លីបម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

ឈ្មោះបេក្ខជនដែលបានប្រឡងជាប់ នឹងមានបិទផ្សាយនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ និងមានបង្ហោះតាមគេហទំព័រ គ.ជ.ប៕

ទាញយកកម្មវិធី(App) CamNEC News