សេចក្តីប្រកាសព័ត៌មាន លេខ ០៨៧ គ.ជ.ប.អគ្គ៖ ពិធីបិទវគ្គបណ្ដុះបណ្ដាលជូនគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ស្ដីពី «ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២»

វគ្គបណ្ដុះបណ្ដាលរយៈពេល ៥ថ្ងៃជូនដល់គ្រូបង្ហាត់ និងមន្រ្តីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២” ត្រូវបានបិទបញ្ចប់នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប ក្រោមអធិបតីភាព ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ។

នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដម ទេព នីថា បានថ្លែងថា ក្នុងដំណើរការរៀបចំការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ណាស់ ព្រោះបញ្ជីបោះឆ្នោតជាតម្រូវការចាំបាច់មិនអាចខ្វះបាន ហេតុនេះហើយ ទើប គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន សំដៅរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ។

ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាលរបស់នាយកដ្ឋានជំនាញ ឃើញថាសិក្ខាកាមទាំងអស់មានការយល់ដឹងច្រើនអំពីការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលកត្តានេះត្រូវបានឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប ចាត់ទុកថាជាភាពវិជ្ជមានសម្រាប់មន្រ្តីបោះឆ្នោតដែលមានភារកិច្ចត្រូវអនុវត្តការងារនេះនាពេលខាងមុខដ៏ខ្លី ។

បើតាមប្រសាសន៍របស់ឯកឧត្ដម ទេព នីថា គ្រូបង្ហាត់ គ.ជ.ប ដែលនឹងត្រូវផ្តល់ការបណ្តុះ-បណ្តាលបន្តដល់មន្រ្តីនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) នាពេលខាងមុខ ត្រូវធ្វើការណែនាំរំលឹកបន្ថែមដល់មន្រ្តីឱ្យយកចិត្តទុកដាក់អនុវត្តការងារមួយចំនួនដូចខាងក្រោម៖

- ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរដែនដី លើការងារស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ដើម្បីឱ្យតួលេខប៉ាន់ស្មាននេះមានសង្គតិភាពគ្នាលើផែនការ និងស្ថានភាពជាក់ស្ដែង

- ត្រូវកំណត់ទីតាំង ឬកែសម្រួលទីតាំងការិយាល័យបោះឆ្នោតឱ្យបានច្បាស់លាស់ សមស្រប និងធានាសុវត្ថិភាពសម្រាប់ពេលបោះឆ្នោត

- ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួល ទាន់ពេលវេលា ក្នុងការផ្ដល់ឯកសារជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត

- ពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងការចុះឈ្មោះបោះឆ្នោតពីឃុំ សង្កាត់

- បន្តយកចិត្តទុកដាក់តាមដាន និងក្តាប់សភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងសភាពការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានី ខេត្តរបស់ខ្លួន និងលើកសំណើជូន គ.ជ.ប ដើម្បីចាត់វិធានការសមស្រប និងតាមស្ថានភាពជាក់ស្តែង ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ។

ឯកឧត្ដម ទេព នីថា បានណែនាំដល់គ្រូបង្ហាត់ទាំងអស់ត្រូវត្រៀមរៀបចំសម្ភារឧបទ្ទេស និងត្រៀមលក្ខណៈ ដើម្បីធ្វើការបណ្តុះបណ្តាលបន្តនៅថ្នាក់ គ.ជ.ប ជូន លធ.ខប តំណាងគណបក្សនយោបាយ តំណាងអង្គការសង្កេតការណ៍ និងភាគីពាក់ព័ន្ធផ្សេងទៀតតាមផែនការ និងប្រតិទិនដែលបានកំណត់ ។ ឯកឧត្ដម ក៏បានជំរុញដល់អង្គភាពជំនាញត្រូវយកចិត្តទុកដាក់ណែនាំដល់ លធ.ខប អំពីការងារបណ្តុះបណ្តាលបន្តនៅថ្នាក់រាជធានី ខេត្ត និងការងារផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមគោលការណ៍ណែនាំរបស់ គ.ជ.ប ។

ក្នុងឱកាសនេះដែរ ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប ក៏បានផ្ដល់អនុសាសន៍ដល់អគ្គនាយកដ្ឋានជំនាញ និង លធ.ខប ទាំងអស់ ត្រូវគោរព និងចាត់វិធានការចាំបាច់នានា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងវគ្គបណ្ដុះបណ្ដាលនានា ដើម្បីធានាជោគជ័យក្នុងការបណ្ដុះ-បណ្ដាល និងរក្សាបានសន្តិសុខ សុវត្ថិភាព សុខភាពល្អទាំងអស់គ្នា ៕

ទាញយកកម្មវិធី(App) CamNEC News