អនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងសេចក្ដីសម្រេចលេខ ៤៦ សសរ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យបានជ្រាបថា កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គឺជាអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
សូមជម្រាបជូនផងដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង-ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕