សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៤៥ គ.ជ.ប ស្តីពី លទ្ធផលបណ្តោះអាសន្នប្រជាពលរដ្ឋប្រមាណ ៨០% បានចេញទៅបោះឆ្នោត

នារសៀលថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ នៅសាលសន្និសីទ គ.ជ.ប វេលាម៉ោង ១៧:០០ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពី ការសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត នៅ គ.ជ.ប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។
 
 
ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា តាមតួលេខបណ្តោះអាសន្នដែល គ.ជ.ប ទទួលបាន អ្នកបោះឆ្នោតសរុបមានចំនួន ៧.១៧២.៤៤៨នាក់ នៃអ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតចំនួន ៩.២០៥.៦៨១នាក់ ស្មើនឹង ៧៧.៩១%។ តួលេខនេះអាចនឹងកើនឡើងបន្ថែមទៀត។
 
 
អំពីការប្រព្រឹត្តទៅនៃការបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ដែលមានចំនួនសរុប ២៣.៦០២ការិយាល័យ បានបើកបម្រើឱ្យការបោះឆ្នោតចាប់ពីវេលាម៉ោង ៧:០០ព្រឹក។ ទោះបីជាមានបញ្ហារំខានខ្លះដែលបង្កឡើងដោយកត្តាអាកាសធាតុយ៉ាងណាក៏ដោយ ក៏ដំណើរការនៃការបោះឆ្នោតបានប្រព្រឹត្តទៅជាប្រក្រតីតាមការគ្រោងទុកក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ។
 
 
 ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍បន្តទៀតថា បន្ទាប់ពីបិទការិយាល័យ បោះឆ្នោត ការិយាល័យនេះនឹងក្លាយជាការិយាល័យរាប់សន្លឹកឆ្នោត ដែលត្រូវចាប់ផ្តើមភ្លាមៗតាមនីតិវិធី ហើយលទ្ធផលនៃការរាប់សន្លឹកឆ្នោត ត្រូវបានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបិទផ្សាយភ្លាមៗផងដែរនៅមុខការិយាល័យរាប់សន្លឹកឆ្នោត នីមួយៗ ហើយគ្រប់ភ្នាក់ងារគណបក្ស នយោបាយអាចទៅទទួលយកទម្រង់ ទ.១១០២ នៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតនៅល្ងាចនាថ្ងៃបោះឆ្នោតនេះ។
 
ពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍បោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ក្នុង ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត មាន៖
- ភ្នាក់ងារគណបក្សនយោបាយ សរុបចំនួន ៨៨.០៥០នាក់ (ស្រីចំនួន ២៦.១៥៥នាក់)។
-  អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ៧៤.៨៨៥នាក់ (ស្រី ៤៥.៤៧១នាក់) ក្នុងនោះអ្នកសង្កេតការណ៍ចល័ត សរុបចំនួន ៨៨នាក់ (ស្រី ២៩នាក់)។ ដោយឡែកអ្នកសង្កេតការណ៍ អន្តរជាតិ សរុបចំនួន ១១០នាក់ (ស្រី ៤០នាក់) មកពីអង្គការសមាគមអន្តរជាតិ ចំនួន ២០។
-  ភ្ញៀវពិសេស សរុបចំនួន ២៣នាក់ (ស្រី ៦នាក់)។
-  និងអ្នកសារព័ត៌មានជាតិ សរុបចំនួន ៧៧៥នាក់ (ស្រី ១០២នាក់) និងអ្នកសារព័ត៌មានអន្តរជាតិ សរុបចំនួន ៣៩នាក់ (ស្រី ៨នាក់)។
 
ចំពោះការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត  ឯកឧត្តម ប្រាជ្ញ ចន្ទ មានប្រសាសន៍ថា ក្នុងរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ បានចេញឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតជូនប្រជាពលរដ្ឋ សរុបចំនួន ២៤៣.៤២៩ ឯកសារ។
 
ឯកឧត្តម ប្រាជ្ញ ចន្ទ មានប្រសាសន៍បន្ថែមថា នៅមុនថ្ងៃបោះឆ្នោត មានព័ត៌មានបែកធ្លាយ អំពីផែនការអុកឡុកការបោះឆ្នោត ប៉ុន្តែគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និង គ.ជ.ប បានដាក់ចេញនូវសេចក្តីណែនាំស្តីពីការពង្រឹងសន្តិសុខ សុវត្ថិភាព ដើម្បីគ្រប់គ្រងស្ថានការណ៍ និងធានាឱ្យការបោះឆ្នោតដំណើរការបានរលូនល្អ និងប្រកបដោយសន្តិសុខ និងសុវត្ថិភាព។ ទន្ទឹមនឹងនេះ ដោយមានកិច្ចសហការល្អពីសំណាក់យន្តការ និងរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ជាមួយ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង។
 
អំពីស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ ថា ដោយមានការយកចិត្តទុកដាក់ ចាត់វិធានការគ្រប់រូបភាព ក្នុងការប្រយុទ្ធប្រឆាំង បង្ការ និង ទប់ស្កាត់ការឆ្លងរាលដាលពីសំណាក់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថា្នក់ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ និងដូសជំរុញជាបន្តបន្ទាប់ ដែលបង្កើតឱ្យមានភាពសាំ ក្នុងសហគមន៍ និងផ្អែកតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅកម្ពុជាពុំមានការឆ្លងថ្មីតាំងពីថ្ងៃទី៨ ខែឧសភា រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ដែលពិតជាអំណោយផលល្អដល់ការបោះឆ្នោតឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពខ្ពស់។ បន្ថែមលើនេះ គ.ជ.ប ក៏បានចាត់វិធានការ សមស្របនានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងដំណើរការបោះឆ្នោត ហើយ គិតមកដល់ពេលនេះ គ.ជ.ប ពុំទាន់បានទទួលរបាយការណ៍ណាមួយអំពីករណីឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ក្នុងដំណើរការបោះឆ្នោតនេះនៅឡើយទេ។
 
ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បន្ថែមទៀតថា គ.ជ.ប បានពង្រឹង និងពង្រីក វិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុប លទ្ធផលនៃការបោះឆ្នោត ដោយក្តោមទាំងលទ្ធផលបឋម លទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការ ដើម្បីជាជំនួយដល់ការអនុវត្តដោយដៃរបស់មន្ត្រីបោះឆ្នោត។ ចំពោះការផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោត គ.ជ.ប បានសហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ធ្វើការ ផ្សាយផ្ទាល់នៅវេលាយប់នេះ។ លទ្ធផលបឋមនៃការបោះឆ្នោតនេះ មានផ្សាយតាមវិទ្យុជាតិកម្ពុជា និងតាមគេហទំព័រដែលមានអាសយដ្ឋាន electresult.nec.gov.kh, App-NEC KH, Channel YouTube និងតាម Facebook Page របស់ គ.ជ.ប ផងដែរ។
 
គ.ជ.ប បានឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីតួលេខបណ្តោះអាសន្ននៃអ្នកចេញ ទៅបោះឆ្នោត ផែនការអុកឡុកការបោះឆ្នោត មូលហេតុអ្នកមិនបានចេញទៅបោះឆ្នោត ការមិនចូលរួមសង្កេតការណ៍បោះឆ្នោតរបស់សហភាពអឺរុប សន្លឹកឆ្នោតខូច និងអំពីការចូលរួមបោះឆ្នោត របស់គណបក្សនយោបាយ។
 
ឯកឧត្តមប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា តួលេខបណ្តោះអាសន្នដែលមានជិត ៨០% នេះគឺជាតួលេខខ្ពស់ បើធៀបទៅនឹងបណ្តាប្រទេសមួយចំនួនលើសកលលោក។ គ.ជ.ប ទទួលបាន ជោគជ័យក្នុងការទប់ស្កាត់ផែនការបំផ្លាញការបោះឆ្នោត។ មានពលរដ្ឋមួយចំនួនដែលមិនបានទៅ បោះឆ្នោត ដោយសារពួកគាត់ស្ថិតនៅក្រៅប្រទេស និងដោយសាកត្តាអាកាសធាតុផងដែរ។ ការមិនចូលរួមសង្កេតការណ៍បោះឆ្នោតរបស់សហភាពអឺរ៉ុបនោះជាសិទ្ធិរបស់គាត់។ គ.ជ.ប បាន ជូនដំណឹង និងអំពាវនាវរួចហើយ ហើយទោះបីមិនមានអ្នកសង្កេតការណ៍មកពីសហភាពអឺរ៉ុប ក៏ការបោះឆ្នោតឃុំ សង្កាត់នៅកម្ពុជាបានប្រព្រឹត្តទៅស្របតាមច្បាប់ដែរ។ ចំពោះសន្លឹកឆ្នោតខូច គ.ជ.ប មិនទាន់ទទួលបានរបាយការណ៍ទេមកដល់ពេលនេះ។ ការបោះឆ្នោតឃុំ សង្កាត់នេះ មាន ១៧ គណបក្សចូលរួមនោះបង្ហាញថា កម្ពុជាមានប្រជាធិបតេយ្យល្អហើយ។
 
មុនបិទបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋដែលបានចូលរួមការបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍឃុំ សង្កាត់ និងលើកកម្ពស់លទ្ធិប្រជាធិប តេយ្យនៅព្រះរាជាណាចក្រកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ ប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា និងសូមបន្តរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាសក្រោយថ្ងៃបោះឆ្នោត និងរង់ចាំការប្រកាសលទ្ធផលនៃការបោះឆ្នោត ដោយ គ.ជ.ប។
 
នេះជាកិច្ចប្រជុំលើកទី៩ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ សមាសភាពភាគីពាក់ព័ន្ធចូលរួមក្នុងកិច្ចប្រជុំនោះមានប្រមាណជាង ៨០នាក់ មកពីក្រសួង ស្ថាប័ននានាដូចជា ក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួង ការពារជា តិ ក្រសួងព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទីស្តីការគណៈរដ្ឋមន្រ្តី តំណាងស្ថានទូតជប៉ុន ស្ថានទូតអូស្រ្តាលី តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែ នរដ្ឋា-ភិបាល ព្រមទាំងអ្នកសារព័ត៌មាន៕

ទាញយកកម្មវិធី(App) CamNEC News