សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប លេខ ០៤៤ គ.ជ.ប ស្តីពីការបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

នារសៀលថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ នៅសាលសន្និសីទ គ.ជ.ប វេលាម៉ោង ១៦:០០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពី ការបូកសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោត ការបិទដំណើរការឃោសនាបោះ-ឆ្នោត និងការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការនៅតាមការិយាល័យបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប ជាប្រធានក្រុមប្រតិកម្មព័ត៌មាន និងជាប្រធានដឹកនាំកិច្ចប្រជុំ។ 

ឯកឧត្តម ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថា ថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោត គ្រប់សកម្មភាពឃោសនាទាំងអស់ត្រូវតែបញ្ឈប់ ២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ ជនណា ឬគណបក្ស នយោបាយណាដែលបំពានការហាមឃាត់នេះនឹងត្រូវទទួលពិន័យតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ជាធរមាន។

ឯកឧត្តម ឌឹម សុវណ្ណារុំ បានមានប្រសាសន៍បន្តទៀតថា ផ្អែកលើទិដ្ឋភាពជារួម បរិយា-កាសនៃការឃោសនារបស់គណបក្សនយោបាយ ដើម្បីរកការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងមានសណ្តាប់ធ្នាប់ របៀបរៀបរយ ដែលធានាបាននូវសន្តិសុខ សុវត្ថិភាព ដល់បេក្ខជន អ្នកចូលរួម និងប្រជាពលរដ្ឋ។ ឯកឧត្តមបន្តទៀតថា យោងតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គិតត្រឹមម៉ោងពីររសៀលថ្ងៃទី៣ ខែមិថុនា នេះ អាចបូកសរុបព្រឹត្តិការណ៍ ឃោសនាបោះឆ្នោតជារួមដូចខាងក្រោម៖

- មានសកម្មភាពហែក្បួនឃោសនា ដែលគណបក្សនយោបាយទាំង ១៧ បានធ្វើនៅតាម

ឃុំ សង្កាត់។ ជាការកត់សម្គាល់ ការហែក្បួនធំៗត្រូវបានធ្វើនៅតាមខេត្ត រាជធានី នៅថ្ងៃទី១ នៃការឃោសនា (ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២) និងថ្ងៃចុងក្រោយនេះ (ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២)។

- មានសកម្មភាពជួបជុំជាលក្ខណៈប្រមូលផ្តុំរវាងបេក្ខជនជាមួយអ្នកគាំទ្រនៅតាមឃុំ សង្កាត់ ដែលគណបក្សនយោបាយទាំង ១៧ បានដាក់បញ្ជីបេក្ខជន។

- គណបក្សនយោបាយទាំង ១៧ ក៏បានធ្វើសកម្មភាពឃោសនាក្នុងរូបភាពផ្សេងទៀតស្របតាមនីតិវិធី។

 

ឯកឧត្តម ឌឹម សុវណ្ណារុំ មានប្រសាសន៍ថា រយៈពេល ១៤ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ពុំមានភាពមិនប្រក្រតីធ្ងន់ធ្ងរណាមួយបានកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការឃោសនាបោះឆ្នោត ឬកើតមានអំពើហឹង្សាឡើយ។ មានបញ្ហាបន្តិចបន្តួចដូចជា៖

- ការប្រើប្រាស់ពាក្យពេចន៍ដៀមដាម ប្រមាថ រើសអើង

- ការចាក់មេក្រូនៅម៉ោងហាមឃាត់

- ការហែកស្លាកគណបក្ស

- សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ យកម៉ោងប្រចាំការទៅហែក្បួនឃោសនាឱ្យគណបក្សនយោបាយ។

ពាក់ព័ន្ធនឹងការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតនៅការិយាល័យបោះឆ្នោត ឯកឧត្តម ឌឹម សុវណ្ណារុំ មានប្រសាសន៍ថា នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត គឺនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ប្រធានការិយាល័យបោះឆ្នោតត្រូវចាត់ឱ្យបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ចំនួន ១ច្បាប់ នៅមុខទីតាំងការិយាល័យបោះឆ្នោត។ ការបិទផ្សាយ នេះត្រូវធានាថា អាចផ្តល់លក្ខណៈងាយស្រួលចំពោះប្រជាពលរដ្ឋ ពិសេសជនមានពិការភាព (ជនពិការជិះរទេះ) ក្នុងការមកពិនិត្យឈ្មោះរបស់ខ្លួនតាមការិយាល័យបោះឆ្នោត និងត្រូវធានាថា បញ្ជីនោះត្រូវបានបិទនៅទីតាំងដែលមិនមានការជ្រាបលិចជាហេតុបណ្តាលឱ្យសើម ឬប៉ះពាល់ដល់បញ្ជីបោះឆ្នោត។

ឆ្លើយបំភ្លឺទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធដែលចួលរួមកិច្ចប្រជុំនោះ ពាក់ព័ន្ធនឹងប័ណ្ណ- ព័ត៌មានអ្នកបោះឆ្នោត គ.ជ.ប ជម្រាបជូនថា ប័ណ្ណនេះគឺជាការផ្តល់ព័ត៌មានជូនអ្នកបោះឆ្នោត មិនមែនជាឯកសារសម្រាប់បោះឆ្នោតទេ។ នៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតអាចយកប័ណ្ណនេះទៅជាមួយបាន ដើម្បីជូនមន្រ្តីការិយាល័យបោះឆ្នោតឱ្យងាយស្រួលរកឈ្មោះឃើញរហ័ស។

ចំពោះកាលបរិច្ឆេទនៃការបោះឆ្នោត គ.ជ.ប បានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមគ្រប់ មធ្យោបាយ គឺតាមវិទ្យុ ទូរទស្សន៍ ចងបដានៅទីសាធារណៈ ចាក់ម៉េក្រូចល័តនៅតាមឃុំ សង្កាត់ ដើម្បីឱ្យអ្នកបោះឆ្នោតបានដឹងថា ថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោត។

មួយទៀត ពាក់ព័ន្ធនឹងបណ្តឹងក្នុងពេលឃោសនាបោះឆ្នោតនេះ គ.ជ.ប ពុំមានការលុបឈ្មោះ បេក្ខជន ឬបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយទេ។ បញ្ជីបេក្ខជននៃគណបក្សនយោបាយដែល គ.ជ.ប បានសម្រេចជាផ្លូវការហើយ គឺរក្សានៅទាំងអស់។ ចំពោះនីតិវិធីនៃការដោះស្រាយពាក្យបណ្តឹងក្នុងអំឡុងពេលឃោសនាបោះឆ្នោត នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ជាយន្តការដោះស្រាយពាក្យបណ្តឹងដោយការផ្សះផ្សារ។ ករណីមិនសះជា អ្នកប្តឹងអាចប្តឹងបន្តទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)។ ភាគីដែលមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ គធ.ខប អាចប្តឹងបន្តទៅ គ.ជ.ប ដែលជាស្ថាប័នដោះស្រាយវិវាទឃោសនាបោះឆ្នោតចុងក្រោយបិទផ្លូវតវ៉ា។

មុនបិទបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ឌឹម សុវណ្ណារុំ បានបង្ហាញការសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម លោក លោកស្រី តំណាងភាគីពាក់ព័ន្ធទាំងអស់ ពិសេសគ្រប់គណបក្សនយោបាយ នឹងបិទបញ្ចប់សកម្មភាពឃោសនាដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ហើយរក្សាភាពស្ងប់ស្ងាត់ ដើម្បីទុកឱកាសឱ្យប្រជាពលរដ្ឋបានត្រៀមខ្លួន ត្រៀមឯកសារទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត។ 

ឯកឧត្តមក៏បានអំពាវនាវផងដែរចំពោះប្រជាពលរដ្ឋ សូមត្រៀមឯកសារ ដែលរួមមានអត្ត-សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងសូមអញ្ជើញ ទៅបោះឆ្នោតទាំងអស់គ្នា ដោយគ្មានការភ័យខ្លាច ដោយសេរី និងធានាការសម្ងាត់ ដើម្បីអភិវឌ្ឍឃុំ សង្កាត់របស់ខ្លួន។

នេះជាកិច្ចប្រជុំលើកទី៨ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ សមាសភាពភាគីពាក់ព័ន្ធចូលរួមក្នុងកិច្ចប្រជុំនោះមានប្រមាណជាង ៦០នាក់ មកពីក្រសួង ស្ថាប័ននានាដូចជា ក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួង ការពារជាតិ ក្រសួងព័ត៌មាន អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទីស្តីការ- គណៈរដ្ឋមន្រ្តី តំណាងស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែន- រដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន៕

ទាញយកកម្មវិធី(App) CamNEC News