សេចក្តីប្រកាសព័ត៌មាន លេខ ០៧២ គ.ជ.ប.អគ្គ ស្ដីពី សភាពការណ៍ទូទៅថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃទីដប់បួន និងជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ បានធ្វើសកម្មភាពឃោសនាអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយខ្លួន តាមកម្មវិធីដែលគណបក្សនយោបាយនីមួយៗបានដាក់ជូន គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។

 

ក្នុងថ្ងៃចុងក្រោយនេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាយ៉ាងផុលផុសនៅទូទាំងប្រទេស ជាពិសេសមានសកម្មភាពហែក្បួនទ្រង់ទ្រាយធំគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងនៅរាជធានីភ្នំពេញ មានការហែក្បួនរបស់គណបក្សនយោបាយចំនួន ៣ ដែលមានអ្នកចូលរួមសរុបប្រមាណ ៥៣.៨០០ នាក់។ រីឯនៅខេត្តសៀមរាប មានការហែក្បួនរបស់គណបក្សនយោបាយចំនួន ៣ ដែលមានអ្នកចូលរួមសរុបប្រមាណ ៧២.០៦៤ នាក់។ ដោយឡែក នៅខេត្តស្វាយរៀង មានការហែក្បួនរបស់គណបក្សនយោបាយចំនួន ៤ ដែលមានអ្នកចូលរួមសរុបប្រមាណ ៣១.៣៦២ នាក់។
ចំពោះសភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃចុងក្រោយនេះ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

 

សូមបញ្ជាក់ជូនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ៣:០០នាទីរសៀល មានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្ស ភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស ខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សកែទម្រង់កម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕

ទាញយកកម្មវិធី(App) CamNEC News