សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ​ គ.ជ.ប លេខ ០៤៣ គ.ជ.ប ស្តីពី លទ្ធផលនៃសវនាការជាសាធារណៈដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងជំទាស់ របស់តំណាងគណបក្សនយោបាយ ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត

នារសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ២:០០ នៅសាលសន្និសីទ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែលមានសមាសភាព រូប ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ..ប និងជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ..ប បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយសំណុំរឿងចំនួន ២ ប្តឹងតវ៉ា និងប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ពាក់ព័ន្ធ ទៅនឹងសកម្មភាពរបស់បេក្ខជននៃគណបក្ស ភ្លើងទៀន ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ក្នុងសំណុំរឿងលេខ ១៤៨ ដើមបណ្ដឹងឈ្មោះ គង់ រ៉ៃយ៉ា ភេទប្រុស កើតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៩១ មានទីលំនៅ ភូមិខ្ពបលើ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាបេក្ខជនគណបក្ស ភ្លើងទៀន ឃុំស្តៅ បានប្តឹងជំ​​ទាស់ទៅនឹងសេចក្តីសម្រេចលេខ ០០៦/២២ គធ.ខប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដែលបាន​សម្រេច​ផាក​ពិ​ន័យជាប្រាក់ចំនួន ៥,០០០,០០០ (ប្រាំលាន) រៀល មកលើខ្លួន ពីបទចែកថវិកា និងសម្ភារឃោសនាបោះឆ្នោតទៅឱ្យគណបក្ស ភ្លើងទៀន ចំនួន ១១ឃុំ ក្នុងស្រុកកងមាស។

ក្នុងសំណុំរឿងលេខ ១៤៩ ដើមបណ្ដឹងឈ្មោះ គា អ៊ាវ ភេទប្រុស កើតថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៦៩ មានទីលំនៅ ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាមេធាវីតំណាង អាណត្តិឱ្យឈ្មោះ ជិន ដាវី បានប្តឹងសុំតវ៉ាទៅនឹងសេចក្តីសម្រេច លេខ ០០៦/២២ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម មិនបានធ្វើការសម្រេចលើចំណុចដកសិទ្ធិ​បោះ​ឆ្នោត និងលុបឈ្មោះចេញពីបញ្ជីបេក្ខជនគណបក្ស ភ្លើងទៀន ចំនួន ១៥រូប ដែលនាំគ្នាផ្តល់នូវអំណោយជាថវិកា និងសម្ភារមួយចំនួនក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

បន្ទាប់ពីបានស្ដាប់ការឆ្លើយបំភ្លឺរបស់មេធាវីតំណាង ព្រមទាំងបានពិនិត្យកំណត់ហេតុសាកសួរដើមបណ្តឹង មេធាវីតំណាងដើមបណ្តឹងពាក់ព័ន្ធនឹងសំណុំរឿងខាងលើ ក្រោយពីបានពិភាក្សាស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ ​សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រួចមក ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប យល់ឃើញថា សេចក្ដីសម្រេចលេខ ០០៦/២២ គធ.ខប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម គឺជាការសម្រេចក្នុងសមត្ថកិច្ច និងជាមូលវិចារអធិបតេយ្យរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម និងពុំមានមូលដ្ឋានគតិយុត្តពេញលេញនៅ​ឡើយ។ ដូចនេះក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានសម្រេច៖

-     លុបចោលការផាកពិន័យឈ្មោះ គង់ រ៉ៃយ៉ា ចំនួន ៥,០០០,០០០ (ប្រាំលាន)រៀ។

-     រក្សាសិទ្ធិបោះឆ្នោត និងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជនគណបក្ស ភ្លើងទៀន ទាំង ១៥រូប។

សេចក្តីសម្រេចនេះ ជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅថ្ងៃព្រហស្បតិ៍ទី២ ខែមិថុនា ឆ្នាំ២០២២ កំបាំងមុខគូភាគីនៅចំពោះមុខមេធាវីតំណាង ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា 

 

 

ទាញយកកម្មវិធី(App) CamNEC News