សេចក្តីប្រកាសព័ត៌មាន លេខ ០៧១ គ.ជ.ប.អ.អគ្គ ស្ដីពីសភាពការណ៍ទូទៅថ្ងៃទីដប់បី នៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃទីដប់បី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ បានធ្វើសកម្មភាពឃោសនាតាមមណ្ឌលបោះឆ្នោតនីមួយៗ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់។

ក្នុងថ្ងៃទីដប់បីនេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាតាមលទ្ធភាព និងមធ្យោបាយផ្សេងៗរបស់ខ្លួន តាមកម្មវិធីកំណត់។ តាមការកត់សម្គាល់ នៅខេត្តបាត់ដំបង គណបក្ស ភ្លើងទៀន បានធ្វើសកម្មភាពចំនួន ៦០ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ៣ ឃុំ សង្កាត់ គណបក្សហ៊្វុនស៊ិនប៉ិច ធ្វើសកម្មភាពចំនួន ១២ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ២ ឃុំ សង្កាត់ គណបក្ស ខ្មែររួបរួមជាតិ ធ្វើសកម្មភាពចំនួន ១១ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួន ១ ឃុំ គណបក្សប្រជាជនកម្ពុជា ធ្វើសកម្មភាពចំនួន ១០៣ ឃុំ សង្កាត់ គណបក្សខ្មែរស្រឡាញ់ជាតិ ធ្វើសកម្មភាពចំនួន ២១ ឃុំ សង្កាត់ ហើយគណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើសកម្មភាពចំនួន ១ ឃុំ។ ដោយឡែកនៅខេត្តប៉ៃលិន មានគណបក្សនយោបាយចំនួន ២ បានធ្វើសកម្មភាពឃោសនា ក្នុងនោះគណបក្ស ភ្លើងទៀន បានហែក្បួនចំនួន ៨ ឃុំ សង្កាត់ និងគណបក្សប្រជាជនកម្ពុជា បានធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំ សង្កាត់មួយចំនួន។ 

ជារួមសភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីដប់បីនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕

 

ទាញយកកម្មវិធី(App) CamNEC News