សេចក្តីប្រកាសព័ត៌មាន លេខ ០៥៨ គ.ជ.ប.អគ្គ ស្ដីពី សភាពការណ៍ទូទៅថ្ងៃទីបួន នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីបួន នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពនៅតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់នីមួយៗ ដើម្បី ឃោសនាអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់។

តាមការសង្កេតឃើញថា ការឃោសនាបោះឆ្នោតថ្ងៃទីបួននេះ នៅតាមបណ្ដាខេត្តមួយចំនួន មានការហែក្បួនតិចតួចប៉ុណ្ណោះ ប៉ុន្តែសកម្មភាពនៃការជួបប្រជុំ ការចែកខិត្តប័ណ្ណតាមផ្ទះ ការចាក់មេក្រូផ្សព្វផ្សាយ គឺនៅតែផុលផុស។ ជាក់ស្ដែងនៅខេត្តកណ្ដាល គណបក្សប្រជាជនកម្ពុជា បានចែកខិត្តប័ណ្ណក្នុងឃុំ សង្កាត់ទាំង ១២៧ មានអ្នកចូលរួមចំនួន ៤.០៤០ នាក់ ការជួបប្រជុំនៅទីស្នាក់ការគណបក្សដែលមានអ្នកចូលរួមប្រមាណ ១២.១២០ នាក់ និងការចាក់មេក្រូនៅតាមទីតាំងនានាដែលមានអ្នកចូលរួមប្រមាណ ១៥.១៥០ នាក់។ ដោយឡែក គណបក្សភ្លើងទៀន បានធ្វើការហែក្បួនឃោសនាក្នុងឃុំចំនួន ២ នៃស្រុកល្វាឯម ដែលមានអ្នកចូលរួមប្រមាណ ៥០ នាក់ ព្រមទាំងបានធ្វើការចែកខិត្តប័ណ្ណ ក្នុងឃុំ សង្កាត់ទាំង ១២៧ ដែលមានអ្នកចូលរួមប្រមាណ ៨៧៩ នាក់ ការចាក់មេក្រូនៅតាមទីតាំងនានាដែលមានអ្នកចូលរួម ៦៧៥ នាក់ រីឯគណបក្សនយោបាយផ្សេងទៀតធ្វើសកម្មភាពចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយផងដែរ។ ក្រៅពីនេះ នៅខេត្តសៀមរាប គណបក្សភ្លើងទៀន បានធ្វើការហែក្បួននៅតាមឃុំ សង្កាត់ចំនួន ១១ មានអ្នកចូលរួមប្រមាណ ៥.៥៦០ នាក់។

ចំពោះសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីបួននេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ការធ្វើសកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕

ទាញយកកម្មវិធី(App) CamNEC News