សេចក្ដីអំពាវនាវ លេខ ០០១ គ.ជ.ប.ស.អ.ន ចំពោះប្រជាពលរដ្ឋ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មេឃុំ ចៅសង្កាត់ និងមេភូមិ ពាក់ព័ន្ធនឹងការត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត...

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល ។ ការបោះឆ្នោតនេះ កាន់តែខិតជិតមកដល់ហើយ ហេតុនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមអំពាវនាវដូចតទៅ៖

- សូមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ទាំងអស់ត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោត នៅថ្ងៃបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

- ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលបានប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មាន អ.ខ ឬ អ.ខ បានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ សូមប្រញាប់រួសរាន់ទៅស្នើសុំ ឯ.អ ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោតឱ្យបានទាន់ពេលវេលា

- ការចេញ ឯ.អ ចាប់ផ្ដើមពីថ្ងៃទី៥ ខែឧសភា នឹងត្រូវបញ្ឈប់នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៥:៣០ នាទីល្ងាច

- ប្រធានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មេឃុំ ចៅសង្កាត់ និងមេភូមិ ត្រូវធ្វើការផ្សព្វផ្សាយសេចក្តីអំពាវនាវនេះឱ្យបានទូលំទូលាយ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋមកស្នើសុំ ឯ.អ បានទាន់ពេលវេលា ដោយឥតបង់ថ្លៃ។

 

 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងមេឃុំ ចៅសង្កាត់ នឹងយកចិត្តទុកដាក់ជំរុញ និងពង្រឹងការចេញ ឯ.អ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់របស់ខ្លួន៕

ទាញយកកម្មវិធី(App) CamNEC News