សេចក្តីប្រកាសព័ត៌មាន លេខ ០៤៤ គ.ជ.ប.អគ្គ ពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់កម្មវិធីថត បញ្ជូន និងបញ្ចូលទិន្នន័យប្រព័ន្ធទីតាំងសកល GPS នៃទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត សាលាឃុំ សង្កាត់ និងការិយាល័យបោះឆ្នោត

វគ្គបណ្ដុះបណ្ដាលរយៈពេលមួយថ្ងៃកន្លះជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) និងសមាជិកប្រតិបត្តិការ ស្ដីពី ”ការប្រើប្រាស់កម្មវិធីថត បញ្ជូន និងបញ្ចូលទិន្នន័យប្រព័ន្ធទីតាំងសកល GPS នៃទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត សាលាឃុំ សង្កាត់ និងការិយាល័យបោះឆ្នោត” បានបិទបញ្ចប់នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១:៣០ នាទី នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមអធិបតីភាព ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ។

 

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដម ទេព នីថា បានមានប្រសាសន៍អំពីការធ្វើទំនើបកម្មក្នុងដំណើរការរៀបចំការបោះឆ្នោតដែល គ.ជ.ប ធ្វើបានជោគជ័យជាបណ្ដើរៗ ។ ឯកឧត្ដម បានថ្លែងថា ផ្អែកតាមច្បាប់បោះឆ្នោតថ្មីជាធរមាន កាលពីឆ្នាំ២០១៦ គ.ជ.ប បានរៀបចំការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលនេះគឺជាជំហានដំបូងក្នុងការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត ។

 

ចំពោះការធ្វើទំនើបកម្មការរៀបចំការបោះឆ្នោតនាពេលបច្ចុប្បន្ននេះ ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានឱ្យដឹងថា ក្រោយពីទទួលបានជោគជ័យក្នុងជំហានទី១ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គ.ជ.ប បាននិងបន្តពង្រឹង និងពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីជាជំនួយដល់ដំណើរការរៀបចំការបោះឆ្នោត ដែលមានជាអាទិ៍ ៖

- កម្មវិធីគ្រប់គ្រងការរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត

- កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)

- កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត និងស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត

- កម្មវិធីគ្រប់គ្រង និងស្វែងរកទីតាំងការិយាល័យបោះឆ្នោត ទីតាំងគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ទីតាំងសាលាឃុំ សង្កាត់ និងទីតាំង គធ.ខប។

 

ឯកឧត្ដម ទេព នីថា បានមានប្រសាសន៍ទៀតថា ផ្អែកតាមស្មារតីច្បាប់បោះឆ្នោតជាធរមាន ដែលបានតម្រូវឱ្យ គ.ជ.ប ធ្វើការផ្សព្វផ្សាយតែឈ្មោះទីតាំងការិយាល័យបោះឆ្នោតប៉ុណ្ណោះ ប៉ុន្តែដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អ្នកបោះឆ្នោត និងភាគីពាក់ព័ន្ធនានាក្នុងការទំនាក់ទំនង និងស្វែងរកសេវាបោះឆ្នោតផ្សេងៗ គ.ជ.ប បានដាក់បញ្ចូលទីតាំងសំខាន់ៗមួយចំនួនទៀត រួមមាន ទីតាំង គឃ.សប ទីតាំងសាលាឃុំ សង្កាត់ និងទីតាំង គធ.ខប ទៅក្នុងប្រព័ន្ធប្រតិបត្តិការទូរស័ព្ទទំនើប (App) ។

 

យោងតាមរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ ​ សិក្ខាកាមទាំងអស់មានការយល់ដឹងល្អប្រសើរអំពីប្រព័ន្ធបច្ចេកវិទ្យាថ្មីក្នុងការកំណត់ និងបំពេញទិន្នន័យរយៈទទឹង ​និងរយៈបណ្តោយនៃទីតាំងការិយាល័យបោះឆ្នោត ទីតាំង គឃ.សប ទីតាំងសាលាឃុំ សង្កាត់ និងទីតាំង គធ.ខប លើប្រព័ន្ធប្រតិបត្តិការ iOS និង Android ព្រមទាំងរបៀបស្វែងរកទីតាំងទាំងអស់នោះផងដែរ។ ជាមួយគ្នានេះ ឯកឧត្ដម ទេព នីថា បានណែនាំដល់ គធ.ខប ទាំង ២៥ រាជធានី ខេត្ត ត្រូវត្រៀមលក្ខណៈ និងសម្ភារឧបទ្ទេស ដើម្បីផ្តល់ការបណ្តុះបណ្តាលបន្តទៅមន្រ្តីបោះឆ្នោតថ្នាក់ក្រោម សម្រាប់ធ្វើជាមូលដ្ឋានអនុវត្តជាក់ស្តែងក្នុងការថត បញ្ជូន និងបញ្ចូលទិន្នន័យទីតាំងសកល GPS នៃទីតាំងដែលបានកំណត់ទាំងនោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យ៕

ទាញយកកម្មវិធី(App) CamNEC News

 

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778