សេចក្តីប្រកាសព័ត៌មាន លេខ ០៤៣ គ.ជ.ប.អគ្គ៖ គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់កម្មវិធីថត បញ្ជូន និងបញ្ចូលទិន្នន័យប្រព័ន្ធទីតាំងសកល GPS នៃទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត សាលាឃុំ សង្កាត់ និងការិយាល័យបោះឆ្នោត

នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) និងសមាជិកប្រតិបត្តិការ ស្ដីពី ”ការប្រើប្រាស់កម្មវិធីថត បញ្ជូន និងបញ្ចូលទិន្នន័យប្រព័ន្ធទីតាំងសកល GPS នៃទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត សាលាឃុំ សង្កាត់ និងការិយាល័យបោះឆ្នោត”  នៅទីស្ដីការ គ.ជ.ប ក្រោមអធិបតីភាព ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ។

 

ក្នុងពិធីនេះ ឯកឧត្ដម ម៉ុក ដារ៉ា បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខដ៏ខ្លីនេះ ហើយផ្អែកតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប ត្រូវបង្កើតការិយាល័យបោះឆ្នោតមួយ ឬច្រើនសម្រាប់ឃុំ សង្កាត់នីមួយៗ ស្របតាមបទបញ្ជា និងនីតិវិធីរបស់ខ្លួន។

 

ឯកឧត្ដម ម៉ុក ដារ៉ា បានថ្លែងបន្ថែមទៀតថា  សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ គ.ជ.ប បានសម្រេចដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការបោះឆ្នោត ដើម្បីជាជំនួយដល់ការអនុវត្តរបស់មន្ត្រីបោះឆ្នោតនៅថ្នាក់ឃុំ សង្កាត់ និងថ្នាក់រាជធានី ខេត្ត និងដើម្បីបង្កើនប្រសិទ្ធភាព និងបង្ហាញពីតម្លាភាព សុចរិតភាព នៅក្នុងការងាររៀបចំ ចាត់ចែងការបោះឆ្នោត ជូនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺអ្នកបោះឆ្នោត និងគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។

 

ឯកឧត្ដមអគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺក្នុងគោលបំណង ដើម្បីពង្រីកវិសាលភាពទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការបោះឆ្នោត ដោយផ្តោតលើប្រព័ន្ធគ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត សាលាឃុំ សង្កាត់ ទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងទីស្នាក់ការគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដែលទីតាំងទាំងនេះសុទ្ធតែត្រូវបានកំណត់ និងបង្កើតឡើងដើម្បីបម្រើឱ្យការងារបោះឆ្នោត។

 

នៅក្នុងឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានផ្តួចផ្តើមសិក្សាលំហូរ និងរៀបចំអភិវឌ្ឍន៍លើប្រព័ន្ធកម្មវិធីគ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត ដោយរួមបញ្ចូលទីតាំងសំខាន់ៗបន្ថែមទៀតដូចជា ទីស្នាក់ការ គធ.ខប ទីស្នាក់ការ គឃ.សប និងសាលាឃុំ សង្កាត់ ដើម្បីផ្តល់ភាពងាយស្រួល និងបង្ខិតសេវាបោះឆ្នោតឱ្យកាន់តែកៀកអ្នកបោះឆ្នោត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្របតាមបរិបទនៃការរីកចម្រើនវិស័យបច្ចេកវិទ្យាក្នុងយុគសម័យឧស្សាហកម្ម ៤.០។

 

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងរយៈពេល ១ថ្ងៃកន្លះ គឺនៅថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចូលរួមចំនួនសរុបប្រមាណ ១០០នាក់ ៕

 

ទាញយកកម្មវិធី(App) CamNEC News

 

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778