សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប លេខ ០២៧ គ.ជ.ប ស្តីពីលទ្ធផលនៃសវនាការជាសាធារណៈលើបណ្តឹងពាក់ព័ន្ធបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់ ចំនួន ៣ ក្នុងរាជធានីភ្នំពេញ

នាព្រឹកថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលសន្និសីទ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែលមានសមាសភាព ៩រូប ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ.ជ.ប បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយសំណុំរឿងចំនួន ៣ ពាក់ព័ន្ធទៅនឹងការសុំចុះបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា និងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបណ្តឹងបដិសេធបញ្ជីបេក្ខជនដំបូងរបស់ គណបក្សភ្លើងទៀន នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 

ក្នុងសំណុំរឿងលេខ ១៤៤ និងលេខ ១៤៥ ដើមបណ្ដឹងឈ្មោះ ស ឡុងដេត ភេទប្រុស កើតថ្ងៃទី២ ខែមីនា ឆ្នាំ១៩៧៩ មានទីលំនៅ ផ្ទះលេខ៣២០ ផ្លូវ១០M សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាតំណាងគណបក្សភ្លើងទៀន បានប្តឹងតវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលបានបដិសេធការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់ផ្សារអូរឫស្សីទី១ ខណ្ឌ៧មករា និងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

 

ក្នុងសំណុំរឿងលេខ ១៤៦ ដើមបណ្ដឹងឈ្មោះ យន់ ឡៃ ភេទស្រី កើតថ្ងៃទី១០ ខែមករា ឆ្នាំ១៩៥២ មានទីលំនៅ ផ្ទះលេខ៣១៣ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្តឹងបដិសេធបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 

បន្ទាប់ពីបានស្ដាប់ការឆ្លើយបំភ្លឺរបស់ដើមបណ្ដឹង ចុងចម្លើយ ស្តាប់ការឆ្លើយបំភ្លឺរបស់មេធាវី តំណាងដើមបណ្តឹង និងមេធាវីតំណាងចុងចម្លើយ ព្រមទាំងបានពិនិត្យកំណត់ហេតុសាកសួរ និងស្តាប់ចម្លើយសាក្សីពាក់ព័ន្ធនឹងសំណុំរឿងខាងលើ ក្រោយពីបានពិនិត្យពិចារណាគ្រប់អង្គហេតុ និងក្រោយពីបានពិភាក្សាស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ.ជ.ប បានសម្រេច៖

- តម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែល បានបដិសេធការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា និងនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

- លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។  

 

សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ជំនុំជម្រះ បានប្រកាសជាសាធារណៈ នៅចំពោះមុខដើមបណ្ដឹង ចុងចម្លើយ និងមេធាវីតំណាង ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕

 

ទាញយកកម្មវិធី(App) CamNEC News