សេចក្ដីបំភ្លឺអ្នកនាំពាក្យ គ.ជ.ប លេខ ០២៦ ពាក់ព័ន្ធនឹងការអញ្ជើញតំណាងគណបក្សឆន្ទៈខ្មែរ ចូលរួមក្នុងសវនាការជាសាធារណៈ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមបំភ្លឺជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា នាថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ គ.ជ.ប បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយសំណុំរឿងលេខ ១៣៣ ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

 

នៅមុនថ្ងៃបើកសវនាការ មន្ត្រី គ.ជ.ប បានយកលិខិតអញ្ជើញចូលរួមសវនាការប្រគល់ដល់ដៃតំណាងគណបក្សឆន្ទៈខ្មែរ តាមលិខិតផ្ទេរសិទ្ធិលេខ ០០១/២២ គ.ឆ.ខ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ របស់គណបក្សឆន្ទៈខ្មែរ គឺលោកស្រី កឹម វណ្ណា ហើយបេក្ខជនចំនួន ៨នាក់ទៀត ក៏បានទទួលលិខិតអញ្ជើញតាមរយៈអាជ្ញាធរដែនដីរួចហើយដែរ។  ទន្ទឹមនេះដើម្បីចៀសវាងការចោទប្រកាន់ថា មិនបានទទួលក្នុងការប្រគល់ទទួលលិខិតអញ្ជើញនេះក៏មានរូបថតនៃការប្រគល់ទទួលជាសម្អាងថែមទៀតផង។

 

ប៉ុន្តែគួរឱ្យសោកស្ដាយ នៅក្នុងថ្ងៃសវនាការ គ.ជ.ប ពុំឃើញមានវត្តមានតំណាងណាម្នាក់របស់គណបក្សឆន្ទៈខ្មែរ មកចូលរួមតាមការអញ្ជើញឡើយ។ ដូចនេះការលើកឡើងរបស់គណបក្សឆន្ទៈខ្មែរ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា មិនបានទទួលលិខិតអញ្ជើញចូលរួមសវនាការ គឺមិនត្រឹមតែពុំមែនជាការពិតប៉ុណ្ណោះទេ ថែមទាំងជាការមិនទទួលខុសត្រូវរបស់គណបក្សនេះតែម្ដង។

 

សេចក្ដីសម្រេចរបស់ គ.ជ.ប តាមរយៈអង្គសវនាការជាសាធារណៈថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២  ត្រូវបានធ្វើឡើងដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់តាមបែបបទ និងនីតិវិធីសម្រាប់ការដោះស្រាយពាក្យបណ្ដឹងរបស់ គ.ជ.ប ។ 

 

គ.ជ.ប សូមសំណូមពរ និងអំពាវនាវដល់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គោរព និងអនុវត្តឱ្យខាងតែបាននូវបញ្ញត្តិច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងសូមឱ្យមានការទទួលខុសត្រូវខ្ពស់ ៕ 

 

ទាញយកកម្មវិធី(App) CamNEC News