សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ គ.ជ.ប លេខ ០២១ ស្តីពីលទ្ធផលសវនាការជាសាធារណៈដោះស្រាយពាក្យបណ្តឹងតវ៉ា លើបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលសន្និសីទសារព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែលមានសមាសភាព ៩រូប ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយពាក្យបណ្តឹងចំនួនប្រាំ (សំណុំរឿងលេខ ០៧១ នៅឃុំចំការអណ្ដូង ស្រុកចំការលើ លេខ ០៧២ នៅសង្កាត់វាលវង់ ក្រុងកំពង់ចាម លេខ ០៧៣ នៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម លេខ ០៧៤ នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម និងលេខ ០៧៥ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម) ដែលតំណាងគណបក្សភ្លើងទៀន បានប្តឹងសុំតវ៉ាទៅនឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដែលបានបដិសេធបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន។

ដើមបណ្តឹងក្នុងសំណុំរឿងទាំងប្រាំខាងលើ មានឈ្មោះ វ៉ាត់ ធារិត ភេទប្រុស កើតថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៧២ មានទីលំនៅ ភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ជាតំណាងគណបក្សភ្លើងទៀន។

ក្រោយពីបានស្ដាប់ការឆ្លើយបំភ្លឺរបស់លោក វ៉ាត់ ធារិត តំណាងគណបក្សភ្លើងទៀន និងក្រោយពីបានពិភាក្សាស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចដូចតទៅ៖

- យល់ព្រមចុះបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន នៅឃុំចំការអណ្ដូង នៅសង្កាត់-វាលវង់ និងនៅសង្កាត់សំបួរមាស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លើសំណុំរឿងលេខ០៧១ លេខ ០៧២ និងលេខ ០៧៥។

- គណៈកម្មការរៀបចំការបោះឆ្នោតឃុំចំការអណ្ដូង សង្កាត់វាលវង់ និងសង្កាត់-សំបួរមាស ត្រូវផ្ដល់ការយល់ព្រមលើពាក្យសុំចុះបញ្ជីបេក្ខជនជូនគណបក្សភ្លើងទៀន និងសេចក្ដីសម្រេចរបស់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (ទម្រង់បែបបទ ១០០៨) និងត្រូវចុះបញ្ជីបេក្ខជនជូនគណបក្សភ្លើងទៀន ឃុំចំការអណ្ដូង ស្រុកចំការលើ សង្កាត់វាលវង់ និងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ គណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់ ខាងលើ ត្រូវចាត់ចែងបិទផ្សាយបញ្ជីបេក្ខជនដំបូងស្របតាមមាត្រា ៥៧ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

- តម្កល់សេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ទុកជាបានការ ដោយបដិសេធការចុះបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្នុងសំណុំរឿងលេខ០៧៣ និងលេខ ០៧៤។

សេចក្ដីសម្រេចចំនួនប្រាំពាក់ព័ន្ធនឹងសំណុំរឿងខាងលើ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប ជំនុំជម្រះ និងប្រកាសជាសាធារណៈនៅចំពោះមុខដើមបណ្ដឹង និងមេធាវីតំណាង ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕

ទាញយកកម្មវិធី(App) CamNEC News