សេចក្តីប្រកាសព័ត៌មាន លេខ ០១០ គ.ជ.ប.អគ្គ ៖ ពិធីបិទសិក្ខាសាលា ស្ដីពី «ការអប់រំអ្នកបោះឆ្នោតជាប្រចាំនៅកម្ពុជា»

សិក្ខាសាលារយៈពេល ២ថ្ងៃ ស្ដីពីការអប់រំអ្នកបោះឆ្នោតជាប្រចាំនៅកម្ពុជា សម្រាប់មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាព ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ។

 

ក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះចំពោះមន្រ្តី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត តំណាងអង្គការមិនមែនរដ្ឋាភិបាល ជាពិសេស គណៈកម្មការរៀបចំការបោះឆ្នោតទីក្រុងតូក្យូ (ECT/ គ.ជ.ប ជប៉ុន) តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា  តំណាងទីស្នាក់ការកណ្ដាល និងការិយាល័យ JICA ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នា ខិតខំផ្ដល់គំនិតដ៏ឧត្ដុង្គឧត្ដម ដើម្បីធ្វើឱ្យសិក្ខាសាលាមួយនេះទទួលបានលទ្ធផលល្អ។

 

ឯកឧត្ដម ទេព នីថា មានប្រសាសន៍ថា សិក្ខាសាលានេះ គឺជាសិក្ខាសាលាលើកដំបូងនៃការអនុវត្តកម្មវិធីរួមគ្នារបស់ គ.ជ.ប-JICA ដើម្បីរួមគ្នាអភិវឌ្ឍន៍សមត្ថភាព ចំណេះដឹង ក្នុងគោលដៅធានាឱ្យបាននូវផែនការ កម្មវិធីអប់រំអ្នកបោះឆ្នោតជាប្រចាំមានភាពពេញលេញគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងមានប្រសិទ្ធភាព ជាមួយការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ ដើរទន្ទឹមគ្នានឹងបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងព័ត៌មានវិទ្យា នាពេលបច្ចុប្បន្ន។

 

ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានលើកឡើងថា ផ្អែកតាមរបាយការណ៍សង្ខេបនៃអង្គសិក្ខាសាលានេះ អ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាសម្រេចឱ្យបាននូវទិសដៅសំខាន់ៗចំនួន ៣ រួមមាន៖

ទី១៖ ត្រូវខិតខំរួមសហការគ្នារៀបចំគម្រោងផែនការអប់រំអ្នកបោះឆ្នោត និងអនាគតអ្នកបោះឆ្នោតឱ្យបានហ្មត់ចត់ ច្បាស់លាស់ មានប្រសិទ្ធភាព និងមានលក្ខណៈវិទ្យាសាស្រ្តគ្រប់ជ្រុងជ្រោយ។ 

ទី២៖ រៀបចំបង្កើតឯកសារមេរៀនអប់រំ និងឯកសារបណ្ដុះបណ្ដាលឱ្យបានល្អគ្រប់គ្រាន់ ផ្អែកតាមច្បាប់ បទបញ្ជា និងនីតិវិធីបច្ចុប្បន្នភាព និងតាមរយៈស្មារតីនៃអង្គសិក្ខាសាលានាពេលនេះផងដែរ។

ទី៣៖ បង្កើតក្រុមគ្រូឧទ្ទេសបណ្ដុះបណ្ដាល ក្រុមគ្រូបង្គោលអប់រំដែលមានជំនាញច្បាស់លាស់ មានគរុកោសល្យត្រឹមត្រូវ មានបទពិសោធន៍ ច្នៃប្រឌិត និងមានភាពវាងវៃគ្រប់គ្រាន់ ដែលអាចឆ្លើយតបទៅនឹងសេចក្ដីត្រូវការចាំបាច់។

ជាមួយគ្នានេះដែរ ឯកឧត្ដម ទេព នីថា បានជម្រាបជូនអង្គសិក្ខាសាលាថា ក្នុងរយៈពេលចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៤ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតចំនួន ៤ ទៅតាមការកំណត់នៃច្បាប់ ដែលរួមមាន៖

-ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២

-ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

-ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

-ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ លើកទី៤ ឆ្នាំ២០២៤ ។

ឯកឧត្ដម ទេព នីថា បានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ដើម្បីសម្រេចបានជោគជ័យលើការងាររៀបចំការបោះឆ្នោតទាំងអស់នេះ គឺមានតែការរួមសហការគ្នា អនុវត្តប្រកបដោយការទទួលខុសត្រូវតាមតួនាទីតាមការកំណត់នៃច្បាប់ និងសមស្របតាមសភាពការណ៍ជាក់ស្ដែង៕

 

ទាញយកកម្មវិធី(App) CamNEC News