សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ លេខ ០០២ ស្តីពី គ.ជ.ប អនុម័តលើបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២

នាថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ព្រឹក នៅសាលប្រជុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចជុំវិញការផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលភាគីពាក់ព័ន្ធបានផ្ដល់ត្រឡប់មក គ.ជ.ប វិញ។

 

សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីដែលមានចំនួន ១៤ ជំពូក និង ១៨៧ ប្រការ ព្រមទាំងមាន ៩ឧបសម្ព័ន្ធ ត្រូវបាន គ.ជ.ប បញ្ជូនទៅឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីសុំផ្ដល់យោបល់ រួមមាន ក្រសួងស្ថាប័នរាជរដ្ឋាភិបាល ចំនួន ៩ គណបក្សនយោបាយចំនួន ២៦ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ២៨។

 

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើអនុសាសន៍របស់ភាគីពាក់ព័ន្ធ ដែលមានគណបក្សនយោបាយចំនួន ៣ គឺគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សហ៊្វុនស៊ិនប៉ិច អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ រួចមក គ.ជ.ប បានសម្រេចអនុម័តកែសម្រួលនូវចំណុចមួយចំនួន។ ចំណុចដែលមានការចាប់អារម្មណ៍របស់ភាគីពាក់ព័ន្ធនោះ គឺការបំពេញ និងប្រើប្រាស់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២)។ ទាក់ទងនឹងចំណុចនេះ គ.ជ.ប បានចេញសេចក្ដីបំភ្លឺរួចហើយ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០០១ ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។

 

គ.ជ.ប សូមថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ដែលបានចូលរួមផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីធ្វើយ៉ាងណាឱ្យបទបញ្ជា និងនីតិវិធីនេះ អនុវត្តទៅបានរលូនល្អនៅក្នុងដំណើរការនៃការបោះឆ្នោតនាពេលខាងមុខ ដើម្បីប្រព្រឹត្តទៅស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយ គ.ជ.ប នឹងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលឆាប់ៗខាងមុខនេះ៕

ទាញយកកម្មវិធី(App) CamNEC News